ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតជាមុនីឫទ្ធិ៖ ដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ ព្រះមហាក្សត្រកម្ពុជាទៅកាន់ខេត្តហៃណាន គឺជាការចាក់បញ្ចូលនូវគុណតម្លៃដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូលនូវគុណតម្លៃដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។

លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្តនៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីកនូវផលប្រយោជន៍កាន់តែធំ និងច្រើនមហាសាលបន្ថែមទៀតដល់ប្រជាជននៃប្រទេសយើងទាំងពីរ ហើយក៏ជាការប្រកាសត្រៀមបើកទំព័រថ្មី ឆ្នាំ២០២៥ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ដោយសារខេត្តហៃណានក៏ជាតំបន់ដែលមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ និងមានភាពស្រដៀងគ្នាខ្លាំងនឹងប្រទេសកម្ពុជា ប្រសិនជាយើងពិនិត្យលើជ្រុងនៃអាកាសធាតុ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សព្វព្រះរាជហឬទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤តបតាមការអញ្ជើញរបស់ភាគីចិន។

ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទាន ព្រះរាជសវនាការដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។

ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ   រវាងប្រទេសទាំងពីរ៕

ដោយ ៖ លោកបណ្ឌិតជាមុនីឫទ្ធិ


ចែករំលែក៖