ភ្នំពេញ ៖ មូលនិធិឃុំ សង្កាត់គឺជាកញ្ចប់ថវិកាមួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ទេរទៅឱ្យ ឃុំ សង្កាត់។ មូលនិធិនេះរួមមានចំណូលពីចំណែកជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងពីការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ មូលនិធិនេះមានពីរផ្នែកសំខាន់ៗ គឺផ្នែករដ្ឋបាលទូទៅ និងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ប្រភពចំណូលរបស់ឃុំ សង្កាត់សំខាន់ៗមាន៣ រួមមាន ១.ចំណូលផ្ទាល់ ២.ចំណូលពីថ្នាក់ជាតិ និង៣.ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ។ នេះបើយោងតាមសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ផ្អែកតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ ពន្យល់ថា ច្បាប់បានផ្តល់សិទ្ធិឱ្យ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើរពន្ធនៅក្នុងមូលដ្ឋាន។ ប្រភេទ កម្រិត និងរបៀបនៃការប្រមូលចំណូលផ្ទាល់នេះត្រូវបានកំណត់ក្នុងច្បាប់ដោយឡែក ប៉ុន្តែច្បាប់នោះនៅពុំទាន់ចេញជារូបរៀងនៅឡើយទេ។
ចំពោះចំណូលពីថ្នាក់ជាតិ លោកបណ្ឌិត ទូច សុឃៈ បន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលឃុំ សង្កាត់ទទួលបានចំណូលពីថ្នាក់ជាតិតាមរយៈមូលនិធិឃុំ សង្កាត់និងថវិកាបន្ថែមពីថ្នាក់ជាតិសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ រីឯចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឱ្យក្រសួង ស្ថាប័នឬអង្គភាពនានារបស់រដ្ឋទៅតាមការព្រមព្រៀងគ្នា។
យោងតាមឧបសម្ព័ន្ធតារាងវិភាជន៍មូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឃុំ សង្កាត់ទូទាំងរាជធានី ខេត្ត ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុប ៨៩៤.៧៥៥ លានរៀល ក្នុងនោះ ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៤៧៩.៤០២លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ២៥.០២១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៦៥.០៥៥ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ៣២៥.២៧៧លានរៀល ។
ជាឧទាហរណ៍ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន ៦០៣លានរៀល ផ្នែករដ្ឋបាលទទួលបានសរុបចំនួន ៣៣៩លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១៨ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន៤០ លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ២០៦លានរៀល។ ដោយឡែកក្នុងស្រុកកែវសីមា ឃុំស្រែឈូក ទទួលវិភាជន៍មូលនិធិឃុំ សង្កាត់សរុបចំនួន៤៧០លានរៀល ក្នុងនោះផ្នែករដ្ឋបាលទទួលបានសរុបចំនួន ២១៣លានរៀល ផ្នែកចំណាយមិនបានគ្រោងទុកចំនួន ១១ លានរៀល ផ្នែកសេវាសង្គមនិងអនាម័យ បរិស្ថាន ចំនួន ៤៧លានរៀល និងផ្នែកអភិវឌ្ឍន៍មានចំនួន ១៩៩លានរៀល។
(ចង់ដឹងព័ត៌មានពីមូលនិធិឃុំ សង្កាត់បន្ថែម សូមអាននៅក្នុងឧបសម្ព័ន្ធភ្ជាប់តាមលេខ ៧៥៣៧ សហវ.ល.ស.អហក ថ្ងៃទី២៥ ខែកកដ្កា ឆ្នាំ២០២៣)៕
ដោយ ៖ សិលា