ព័ត៌មានទាន់ហេតុការណ៍៖

ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់​នៅ តែក៏ជាមូលដ្ឋាន​សម្រាប់ការដាំដុះចិញ្ចឹមជីវិត ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងក្នុងពិធី​ ​”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់​ចាម” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ថាជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែល​យើង​មានការឯកភាពជាតិ,​ មានរាជរដ្ឋាភិបាលតែ​មួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈ​ឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំង​ប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិ​ពេញ​លេញ។​ ដូចនេះហើយ ​ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់​នៅ តែក៏ជាមូលដ្ឋាន​សម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែល​អស់​មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបាន​ប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានា​ដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរ​អង្វែង, ជា​ផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កា​នៃសុខ​សន្តិភាព ហើយនេះជាការបើក​ទំព័​រ​ថ្មី​មួយ​ក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធ​បានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។ ជាមួយនឹងសមិទ្ធ​ផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែល​បានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការ​បន្ត​ដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើន​គ្រប់ទីកន្លែងទាំងអស់។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់ គឺឆ្លងកាត់ពីការលំបាក, ឆ្លងកាត់ពី​ការបែងបាក់ រហូតមក​ដល់ការ​រស់រានមានជីវិត, មានការបែងចែកផលនៃសន្តិភាព និងពេលនេះជា​សក្ខីភាពនៃការទទួល​ផលពិតប្រាកដ​ និង យូរអង្វែង សម្រាប់ការកាន់កាប់ដីធ្លីជាកម្មសិទ្ធិរឹងមាំ ក្នុងការអភិវឌ្ឍ និងទទួលបានមនុញ្ញផល។ ឈរលើបទពិសោធន៍នេះ ទើបរាជរដ្ឋាភិបាល ​បានចាត់ទុកការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាព ដោយចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការតភ្ជាប់​ទាំង​មនុស្ស, សេដ្ឋកិច្ច និងបម្រើការរីកចម្រើនដល់មូល​ដ្ឋាន និងសង្គមជាតិទាំងមូល។ ព្រមជា​មួយគ្នា​នេះដែរ, ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី,​ ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផល​ប្រយោជន៍ គឺតម្រូវឱ្យមាន​បណ្ណកម្ម​សិទ្ធិច្បាស់​លាស់, មានភាពរឹងមាំ​ក្នុងការ​គ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការ​រៀបចំ​ផែនការ​អភិវឌ្ឍ ​ផងដែរ។ 

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីពាក្យ “ផ្ការីកនៃសន្តិភាព” ផ្ការីក​ដែល​ទទួល​បានដោយនយោបាយឈ្នះ-ឈ្នះ, ផ្ការីកដើម្បីផ្តល់ភាពញញឹម, ការស្រលាញ់គ្នា, ការថែរក្សាគ្នា, ការថែរក្សាសន្តិភាព និងការទទួលផលនៃសុខសន្តិភាពទាំងអស់គ្នា ហើយយន្តការផ្ការីកក្នុងការ​បម្រើ​ប្រជាពលរដ្ឋឱ្យបានល្អ ដោយផ្ការីកជាមួយរាជរដ្ឋាភិបាល គឺស្រស់បំព្រងជាមួយគ្នា។ ដូចនេះ​ថ្ងៃ​នេះ, សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរាំវង់សន្តិភាពផ្ការីក, កែប្រែដីដែលធ្លាប់តែស្រពោន, ពោរពេញ​ទៅ​ដោយមីន និងគ្រាប់មិន​ទាន់ផ្ទុះ អាចទទួលបានការសម្អាតឱ្យមានសុវត្ថិភាព និងបណ្ណកម្មសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋអាចដាំដុះ និង​បំពេញសេចក្តីត្រូវការក្នុងការស់នៅ ប្រកបដោយសេចក្តីសុខសាន្ត៕


ចែករំលែក៖