ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ «ភាសាខ្មែរ» នៅតែជាភាសាជាតិតែមួយគត់ របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងចំពោះមុខ លោក-អ្នកលោកគ្រូ និងសិស្សានុសិស្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា «ភាសាខ្មែរ» នៅតែជាភាសាជាតិតែមួយគត់ ក្នុងកម្មវិធីអប់រំរបស់ប្រទេសកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានការដាក់បញ្ចូល ភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សា សម្រាប់ថ្នាក់ជាតិនោះឡើយ ។ សម្ដេច បានលើកឡើងបែបនេះ ដើម្បីឆ្លើយតបចំពោះការបំភ្លើស របស់ជនអគតិមួយ ក្តាប់តូចថា «ក្រសួងអប់រំ នឹងដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សា»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។ គ្មានដាក់ភាសាបារាំង គ្មានដាក់ភាសាអង់គ្លេស គឺគ្មានទេ។ ពីមុន សង្គ្រាម ចង់ប្រឡងបាក់ឌុប ទាល់តែយើងចេះទាំងខ្មែរ និងបារាំង»។

សម្តេចបវរធិបតី បន្ដថា ភាសាផ្សេងៗ ដូចជា៖ អង់គ្លេស ជប៉ុន ជាដើម គឺជាភាសារៀនបន្ទាប់បន្សំ។ ប៉ុន្ដែភាសាជាតិ ក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់ ដូច្នេះទើបក្រសួងអប់រំ ដាក់ទិសដៅ ពង្រឹងមូលដ្ឋានភាសាខ្មែរ ឱ្យកាន់តែរឹងមាំ តាំងពីថ្នាក់បឋម។ គ្មានផែនការយកភាសាណា មកជំនួសភាសាខ្មែរនោះទេ ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ។

សម្តេចបវរធិបតី បន្ថែមថា បច្ចុប្បន្នភាសាខ្មែរ បានដាក់បញ្ជូនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យកូនខ្មែរប្រើប្រាស់ កាន់តែច្រើន។ លើសពីនេះ សម្ដេច ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភ និងអះអាងថា រាជរដ្ឋាភិបាល គ្មានគម្រោងដាក់ភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ ព្រោះភាសាខ្មែរតែមួយគត់ ជាភាសាជាតិ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកអះអាងថា ក្រសួង មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ៕

ដោយ ៖ សិលា


ចែករំលែក៖