ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គ្មានការជោគជ័យណាមួយអាចកើតឡើងទៅបានមិនថានៅក្នុងការសិក្សាឬការងារ ដោយយើងមិនបានខំប្រឹងប្រែងនោះឡើយ។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្នកណាម្នាក់ដែលជោគជ័យដោយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់ជោគជ័យទៅបាន ដោយត្រឹមតែអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សូម្បីតែក្មួយសិស្សានុសិស្សទាំងអស់ ដែលប្រឡងជាប់និទ្ទេស A ក៏ដោយសារតែការខិតខំប្រឹងប្រែងផងដែរ។ សម្តេច ក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគតផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ៖ គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយគ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។ ត្រង់ន័យនេះ ក្មួយសិស្សានុសិស្សទាំងអស់ក៏ដូច្នេះដែរ មិនដែលប្រឡងជាប់រហូតដល់ជាប់និទ្ទេសអេ ដោយគ្មានការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគត ៕
ដោយ ៖ សិលា