ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ករណី​រថយន្ត​លោកអភិបាលរងខេត្ត​ពោធិ៍សាត់​ម្នាក់​ បើកបុកម៉ូតូ១គ្រឿង​ បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ ៣នាក់​ និងរបួសម្នាក់​ សមត្ថកិច្ច​ជំនាញ​បានអនុវត្ត​នីតិវិធី​ហើយ!

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ វីហ្គា(TOYOTA .VIGO)​ ដែលគេស្គាល់ថាជារថយន្តរបស់លោក​ ហេង​ សុភាណា​ ជាអភិបាលរងខេត្ត​ពោធិ៍សាត់​ បានបង្កគ្រោះថ្នាក់​ចរាចរណ៍​បើកបររថយន្តមិនប្រកាន់ស្ដាំ​ ជ្រុលទៅបុក​ម៉ូតូ​មួយគ្រឿង​យ៉ាងពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ ៣នាក់​ និងរបួសម្នាក់​ កាលពីរសៀលថ្ងៃទី០៧​ ខែមករា​ ឆ្នាំ​២០២៥ម្សិលមិញនេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ចរាចរណ៍​ខេត្ត​ យកមកអនុវត្តតាម​នីតិវិធី​ហើយ​ ដោយឃាត់ខ្លួនអ្នកបេីកបររថយន្តបង្ក ដើម្បី​រកយុត្តិធម៍ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨​ ខែមករា​ ឆ្នាំ​២០២៥។ 

រថយន្តបង្កម៉ាក TOYOTA .VIGO ពណ៌ទឹកប្រាក់  ពាក់ផ្លាកលេខ ពោធិ៍សាត់ ២C.៩៦៩៩ ( ធ្វើចរាចរណ៍ពីត្បូងទៅជើង ) បើកបរដោយឈ្មោះ តាន់ មេសា ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ( មិនរងរបួស ត្រូវ​បានឃាត់ខ្លួន​)។

ចំណែក​ម៉ូតូ​ជនរងគ្រោះ​ ម៉ាក HONDA.WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១N.១៤០០ ( ធ្វើចរាចរណ៍ពីជើងទៅត្បូង ) បើកបរដោយឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្ដពោធិ៍សាត់ ( ស្លាប់នៅកន្លែងកើតហេតុ ) ។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកក្រគរ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ បានកេីតឡេីងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥នឹង ៤៥នាទី នៅលើផ្លូវលំក្រាលគ្រួសក្រហម ( ផ្លូវកោង ) ត្រង់ចំណុចភ្នំក្បាលសៀម ស្ថិតនៅភូមិថ្មី  ឃុំត្នោតជុំ  ស្រុកក្រគរ  ខេត្តពោធិសាត់ 

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​គេឃើញ​រថយន្ត​បង្ក​ និងម៉ូតូ​ជនរងគ្រោះ​ បានបើកបរក្នុងទិសដៅច្រាសគ្នានៅលើផ្លូវលំក្រាលគ្រួសក្រហម ( ផ្លូវកោង ) ពីត្បូងទៅជើង​ ត្រង់ចំណុចភ្នំក្បាលសៀម ស្រាប់​តែ​ពេលនោះ​រថយន្ត​បង្ក​ដែលជារបស់លោក​ ហេង​ សុភាណា​ ដែលជាអភិបាលរងខេត្ត​ពោធិ៍សាត់​ ក៏បើកបររថយន្តមិនប្រកាន់ស្ដាំ​ ជ្រុលទៅបុក​ម៉ូតូ​ជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ ៣នាក់​ និងរបួសម្នាក់​ និងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ក្នុងភូមិ​ បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនអ្នកបេីកបរតែម្តង។ 

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​​លោក​ ហេង​ សុភាណា​ ដែលជាអភិបាលរងខេត្ត​ពោធិ៍សាត់​ បានប្រាប់ភ្នាក់ងារ​អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២៥នេះថា៖​ លោកមិនបានជិះជាមួយរថយន្តបង្កនោះទេ​ ដោយគាត់ជិះរថយន្តជាមួយក្រុមការងារផ្សេងទេ​ លោកបន្តថា​ បច្ចុប្បន្ន​អ្នកបេីកបររថយន្តរបស់ដែលបង្កគ្រោះថ្នាក់នេះ​ ត្រូវ​បានឃាត់ខ្លួន​ផងដែរ​ និងកំពុង​ដោះស្រាយ​ជាមួយ​ភាគីជនរងគ្រោះផងដែរ។ 

គួរបញ្ជាក់ថា​ សម្ភារៈ​ខូចខាតរួមមាន៖ រថយន្ត ០១ គ្រឿង ម៉ូតូ ០១ គ្រឿង បណ្ដាលឱ្យ​មនុស្ស​ស្លាប់និង រងរបួសមនុស្ស ចំនួន ០៤នាក់ ស្រី ០៣នាក់ ក្នុងនោះ៖​ ស្លាប់មនុស្សចំនួន ០៣ នាក់ ស្រី ០២ នាក់ ( នៅកន្លែងកើតហេតុ ) រងរបួសស្រាល ចំនួន ០១នាក់ ស្រី ( បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ) ។​ ដោយអ្នកបើកបរដោយឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្ដពោធិ៍សាត់ ( ស្លាប់នៅកន្លែងកើតហេតុ ) អ្នករួមដំណើរ៣នាក់ទៀត​ ទី១,ឈ្មោះ ហេង គឹមឡេង ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំ ជាមួយគ្នា ( ស្លាប់នៅកន្លែងកើតហេតុ ) ។​ ទី២,ឈ្មោះ ផុន ផអុី ភេទស្រី អាយុ ៥ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត  ( ស្លាប់នៅកន្លែងកើតហេតុ ) ។​ និងទី៣,ឈ្មោះ ផុន អបរា ភេទស្រី អាយុ ៣ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត ( រងរបួសស្រាល )។ 

សមត្ថកិច្ចជំនាញ​ បានបញ្ជាក់ថា​ ចំពោះ​មូលហេតុ ដោយសារអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ ។​ បច្ចុប្បន្ន​វត្ថុតាងរថយន្តបង្កនិង ម៉ូតូរងគ្រោះ ត្រូវ​បានប្រគល់ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់​ ដេីម្បី​ចាត់ការ​តាម​ច្បាប់​៕

ដោយ៖ ប៉ឹម​ ពិន


ចែករំលែក៖