ខេត្តពោធិ៍សាត់៖ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា វីហ្គា(TOYOTA .VIGO) ដែលគេស្គាល់ថាជារថយន្តរបស់លោក ហេង សុភាណា ជាអភិបាលរងខេត្តពោធិ៍សាត់ បានបង្កគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់មនុស្ស ៣នាក់ និងរបួសម្នាក់ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខេត្ត យកមកអនុវត្តតាមនីតិវិធីហើយ ដោយឃាត់ខ្លួនអ្នកបេីកបររថយន្តបង្ក ដើម្បីរកយុត្តិធម៍ជូនក្រុមគ្រួសារជនរងគ្រោះ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
រថយន្តបង្កម៉ាក TOYOTA .VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ ២C.៩៦៩៩ ( ធ្វើចរាចរណ៍ពីត្បូងទៅជើង ) បើកបរដោយឈ្មោះ តាន់ មេសា ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ( មិនរងរបួស ត្រូវបានឃាត់ខ្លួន)។
ចំណែកម៉ូតូជនរងគ្រោះ ម៉ាក HONDA.WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១N.១៤០០ ( ធ្វើចរាចរណ៍ពីជើងទៅត្បូង ) បើកបរដោយឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្ដពោធិ៍សាត់ ( ស្លាប់នៅកន្លែងកើតហេតុ ) ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៥នឹង ៤៥នាទី នៅលើផ្លូវលំក្រាលគ្រួសក្រហម ( ផ្លូវកោង ) ត្រង់ចំណុចភ្នំក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក និងម៉ូតូជនរងគ្រោះ បានបើកបរក្នុងទិសដៅច្រាសគ្នានៅលើផ្លូវលំក្រាលគ្រួសក្រហម ( ផ្លូវកោង ) ពីត្បូងទៅជើង ត្រង់ចំណុចភ្នំក្បាលសៀម ស្រាប់តែពេលនោះរថយន្តបង្កដែលជារបស់លោក ហេង សុភាណា ដែលជាអភិបាលរងខេត្តពោធិ៍សាត់ ក៏បើកបររថយន្តមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់មនុស្ស ៣នាក់ និងរបួសម្នាក់ និងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនអ្នកបេីកបរតែម្តង។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរលោក ហេង សុភាណា ដែលជាអភិបាលរងខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារអង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃពុធទី០៨ ខែមករា ឆ្នាំ២០២៥នេះថា៖ លោកមិនបានជិះជាមួយរថយន្តបង្កនោះទេ ដោយគាត់ជិះរថយន្តជាមួយក្រុមការងារផ្សេងទេ លោកបន្តថា បច្ចុប្បន្នអ្នកបេីកបររថយន្តរបស់ដែលបង្កគ្រោះថ្នាក់នេះ ត្រូវបានឃាត់ខ្លួនផងដែរ និងកំពុងដោះស្រាយជាមួយភាគីជនរងគ្រោះផងដែរ។
គួរបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន៖ រថយន្ត ០១ គ្រឿង ម៉ូតូ ០១ គ្រឿង បណ្ដាលឱ្យមនុស្សស្លាប់និង រងរបួសមនុស្ស ចំនួន ០៤នាក់ ស្រី ០៣នាក់ ក្នុងនោះ៖ ស្លាប់មនុស្សចំនួន ០៣ នាក់ ស្រី ០២ នាក់ ( នៅកន្លែងកើតហេតុ ) រងរបួសស្រាល ចំនួន ០១នាក់ ស្រី ( បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ) ។ ដោយអ្នកបើកបរដោយឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្ដពោធិ៍សាត់ ( ស្លាប់នៅកន្លែងកើតហេតុ ) អ្នករួមដំណើរ៣នាក់ទៀត ទី១,ឈ្មោះ ហេង គឹមឡេង ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំ ជាមួយគ្នា ( ស្លាប់នៅកន្លែងកើតហេតុ ) ។ ទី២,ឈ្មោះ ផុន ផអុី ភេទស្រី អាយុ ៥ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត ( ស្លាប់នៅកន្លែងកើតហេតុ ) ។ និងទី៣,ឈ្មោះ ផុន អបរា ភេទស្រី អាយុ ៣ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើត ( រងរបួសស្រាល )។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ចំពោះមូលហេតុ ដោយសារអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ ។ បច្ចុប្បន្នវត្ថុតាងរថយន្តបង្កនិង ម៉ូតូរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ ប៉ឹម ពិន