ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត។
រាជរដ្ឋាភិបាលសម្រេច អនុក្រឹត្យនេះកំណត់អំពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់និយោជក និងកម្មករនិយោជិត តាមរយៈការបង្ខិតការផ្តល់សេវាឱ្យទៅកៀកជិត អ្នកប្រើប្រាស់សេវា។
-ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្ត លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតាមអង្គភាពច្រកចេញចូលតែមួយ ដូចខាងក្រោម៖
១- ប្រភេទសេវារដ្ឋបាលពាក់ព័ន្ធនឹងវិស័យការងារសម្រាប់សហគ្រាស គ្រឹះស្ថានដែលមិនបម្រើឱ្យ ការនាំចេញ ឬរមណីយដ្ឋាននិងសណ្ឋាគារកម្រិតត្រឹមផ្កាយបីចុះ ឬសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានដូចតទៅ៖
– ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស
– ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក
– ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រាប់ កម្មករនិយោជិតចាប់ពី៨នាក់ឡើងទៅ
– ការចុះបញ្ជីកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រាប់កម្មករ និយោជិតចាប់ពី៨នាក់ឡើងទៅ
– ការចុះបញ្ជីកាសំណុំបែបបទហ្វឹកហ្វឺនកូនជាង ឬកម្មសិក្សា ឬហាត់ការ ឬការរៀបចំជំនាញឡើងវិញ ឬការបង្កើនជំនាញ
– ការផ្តល់វិញ្ញាបនបត្រហ្វឹកហ្វឺនកូនជាង
– ការផ្តល់សៀវភៅការងារនិងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។
២- ប្រភេទសេវារដ្ឋបាលពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានដូចតទៅ៖
– ការចុះបញ្ជីកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត វិញ្ញាបនបត្រវិជ្ជាជីវៈ ដែលមានរយៈពេលចាប់ពី៣ខែចុះ
-ការបន្តសុពលភាពបញ្ជីកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដែលមានរយៈពេលចាប់ពី៣ខែចុះ។
កម្រៃសេវារដ្ឋបាល រយៈពេល និងសុពលភាពនៃការផ្តល់សេវារដ្ឋបាលដែលត្រូវបានធ្វើប្រតិភូកម្ម ខាងលើនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ។
រដ្ឋបាលកណ្តាលនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវផ្តល់សេវារដ្ឋបាលសម្រាប់ប្រភេទ សហគ្រាស គ្រឹះស្ថានដែលបម្រើឱ្យការនាំចេញ ធ្វើអាជីវកម្មកាស៊ីណូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋាននិងសណ្ឋាគារកម្រិតចាប់ពីផ្កាយបួនឡើងទៅ ទីភ្នាក់ងារជ្រើសរើសឯកជន និងស្នាក់ការកណ្តាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានតួនាទីនិងភារកិច្ចក្នុងការរៀបចំសេចក្តីណែនាំបច្ចេកទេស កំណត់ស្តង់ដាសម្រាប់ការផ្តល់សេវារដ្ឋបាលដែលបានធ្វើប្រតិភូកម្មនេះ ផ្តល់ការបណ្តុះបណ្តាល និងគាំទ្រ បច្ចេកទេសដល់រដ្ឋបាលរាជធានី ខេត្ត មន្ត្រីជំនាញបច្ចេកទេស តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយ បញ្ហាប្រឈមនានាក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួង ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
រដ្ឋបាលរាជធានី ខេត្ត ត្រូវទទួលខុសត្រូវនិងមានគណនេយ្យភាពចំពោះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈលើការអនុវត្តមុខងារក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបាន ធ្វើប្រតិភូកម្ម ដូចមានចែងក្នុងអនុក្រឹត្យនេះ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងការផ្តល់សេវារដ្ឋបាល ដែលត្រូវបានធ្វើប្រតិភូកម្ម ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
-បញ្ជីសេវារដ្ឋបាលពាក់ព័ន្ធនឹងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានកំណត់ក្នុងចំណុចទី១ នៃតារាងឧបសម្ព័ន្ធទី១ភ្ជាប់នឹងអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើត យន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបទប្បញ្ញត្តិ ទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ សិលា