ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​៖​ កម្ពុជាមាននីតិវិធី​ នៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន​ ប្រការសំខាន់គឺទាមទារការវិនិយោគលេីការ​វេចខ្ចប់​ កែច្នៃ​ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd កាលពីរសៀលថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០២៥ម្សិលមិញនេះ​​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងចង់វិនិយោគនូវកសិផលកម្ពុជា​ដូចជា​ ទុរេន​ ដូងស្រស់​ និងស្វាយចន្ទី ដេីម្បីនាំចេញទៅកាន់ទីផ្សារប្រទេស​ចិន​ និងទីផ្សារប្រទេសផ្សេងៗ។ លេីសពីនេះ​ លោករដ្ឋមន្ត្រី​ បានលេីកឡេីងថាកម្ពុជា​មានកសិផលសក្តានុពលជាច្រេីនរួមមាន​ ផ្លែស្វាយ​ ផ្លែមៀន​ និងចេកពងមាន់​ មានរសជាតិឆ្ងាញ់​ និងគុណភាពល្អ​ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន​ ប្រការសំខាន់គឺទាមទារការវិនិយោគលេីការ​វេចខ្ចប់​ កែច្នៃ​ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា​កម្ពុជាស្វាគមន៍នូវរាល់វិនិយោគិន​ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ​ និងធ្វេីពាណិជ្ជកម្ម​នាំចេញ​ ដោយអាចសហការធ្វេីការដាំដុះជាមួយប្រជាកសិករ​ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ​ និងអាចទទួលទិញត្រលប់ក្នុងតម្លៃចរចា​ ដោយមិនប្រកួតប្រជែងលេីការដាំដុះជាមួយប្រជាកសិករឡេីយ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី​ បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វេីការកំណត់ស្តង់ដា​នៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ និងការធ្វេីទីផ្សារផលិតផល​ដេីម្បីឱ្យអ្នកប្រេីប្រាស់មានការទទួលស្គាល់​ ដែលជាកត្តាចាំបាច់​ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ​ និងមានតម្លៃបន្ថែមខ្ពស់​ ហេីយកម្ពុជាមានគោលបំណងប្រកួតប្រជែងលេីផលិតផលដែលមានគុណភាពល្អប្រណិត​ និងមានរសជាតិឆ្ងាញ់​ ដោយមិនប្រកួតប្រជែងបរិមាណ។

ក្នុងឱកាសនេះដែរ​ លោករដ្ឋមន្ត្រី​ បានលេីកទឹកចិត្តដល់ភាគីក្រុមហ៊ុន​សហការជាមួយក្រសួងកសិកម្ម​ ក្នុងការចុះពិនិត្យទីតាំង​ និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលេី​ដេីម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ​ ពេញលេញ​ និងមានភាពច្បាស់លាស់​ក្នុងការវិនិយោគ​ និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ​ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ៕

ដោយ​៖ តារា​


ចែករំលែក៖