ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនជាបណ្តោះអាសន្នហើយ អ្នកបើករថយន្តបង្កបុករុឺម៉កបណ្តាលឱ្យមនុស្សក្មេងចាស់រងរបួស១១នាក់ នៅលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន បុគ្គលជាអ្នកបើករថយន្ត TOYOTA PRIUS ទៅបុករុឺម៉កពីក្រោយ បណ្តាលឲ្យមនុស្ស១១នាក់រងរបួស នៅលើស្ពានជ្រោយចង្វា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៦ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5830 បណ្តាលឱ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក និងអ្នករួមដំណើរចំនួន ១១នាក់រងរបួស ដែលមានជនត្រូវចោទឈ្មោះ ម៉ាន ណាស៊ីរីន ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំថ្ងៃកំណត់ ជំនុំជំរះក្តី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖