ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ២កន្លែងផ្សេងគ្នា ឃាត់ខ្លួន២នាក់ ដកហូតគ្រឿងញៀន និងកាំភ្លើងមួយដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឡោមព័ទ្ធទីតាំងសង្ស័យចំនួន០២កន្លែង ឃាត់ខ្លួន០២នាក់ រួមជាមួយវត្ថុតាងនឹងគ្រឿងញៀនជិត ២០កញ្ចប់ធំ អាវុធកែច្នៃ និងវត្ថុតាងជាច្រើនទៀត កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥​នៅក្នុងសង្កាត់​កណ្តោលដុំ ក្រុងច្បារមន និងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីកងអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែងនៅភូមិកណ្តោលដុំ សង្កាត់​កណ្តោលដុំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់។ ជនសង្ស័យឈ្មោះ​ ទិត្យ​ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្នុងភូមិព្រៃប្រដាក់​ ឃុំធម្មតាអរ ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានចាប់យកវត្ថុតាង រួមមាន ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់​(ធំល្មម​ចំនួន​៣កញ្ចប់​ តូចចំនួន១០កញ្ចប់) ទូរស័ព្ទចំនួន ២គ្រឿង និងម៉ូតូ​ចំនួន០១គ្រឿង​។

មន្ត្រីកងរាជអាវុធហត្ថបានបន្តថាក្រោយឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យ កម្លាំងមូលដ្ឋានក្រុងសហការ​ជាមួយ​កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តនីតិវិធីឈានទៅឡោមព័ទ្ធទីតាំងផ្ទះជនសង្ស័យនៅភូមិព្រៃប្រដាក់​ ឃុំធម្មតាអរ ស្រុកសំ​រោងទង ហើយឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ដែលមានឈ្មោះ​ ឃឹម​ វុត្ថា​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចចាប់ខ្លួន,ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៣កញ្ចប់​ធំល្មម ទូរស័ព្ទចំនួន​២គ្រឿង កាំភ្លើង​កែឆ្នៃបាញ់គ្រាប់កង់មួយដើម និងវត្ថុតាងផ្សេងទៀតមួយចំនួន។

មន្ត្រីកងរាជអាវុអហត្ថក្រុងច្បារមន បានបញ្ជាក់បន្ថែមថា ក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ ជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាងត្រូវបាននាំខ្លួន និងយកមកកាន់ទី បញ្ជាការមូលដ្ឋានក្រុងច្បារមនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖