ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនអាយុវឌ្ឍនមង្គល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ យើងខ្ញុំសូមចូលរួមសម្តែងនូវអំណរសាទរប្រកបដោយក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជាតរៀងទៅ។
យើងខ្ញុំសូមគោរពសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចក្រឡាហោម ជាមគ្គុទ្ទេសក៍ដ៏ឆ្នើមមួយរូប ដែលបានចូលរួមក្នុងចលនាតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ និងបន្តស្តារកសាង និងអភិវឌ្ឍប្រទេសជាតិ តាមនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ សេចក្តីសុខដុមរមនា សុភមង្គល និងវិបុលភាពជូនប្រជាជាតិ ក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសនៃថ្ងៃដ៏មង្គលសិរីសួស្តីនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕