ភ្នំពេញ ៖ ក្រោមការសម្របសម្រួល របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ ប្រតិភូនៃកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ បានធ្វើទស្សនកិច្ចនៅមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលជាទីកន្លែងដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធពាក់ព័ន្ធសំខាន់ៗមួយចំនួនតាមបែបឌីជីថល។
លើការ ការអនុវត្តន៍ជាក់ស្ដែង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា ដោយសហការជាមួយ ក្រសួងផែនការ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានអភិវឌ្ឍន៍ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធសំខាន់ៗ ហើយបានដាក់ឱ្យអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធ ICT ពីប្រព័ន្ធសុខាភិបាល ទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មនៅសង្កាត់ចំនួន៦ និងមូលដ្ឋានសុខាភិបាលចំនួន១៣នៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូបានស្វែងយល់បន្ថែមពីដំណើរការនៃការប្រព្រឹត្តទៅលើការអនុវត្តជាក់ស្ដែងពីមន្ត្រីជំនាញរបស់កម្ពុជាជុំវិញប្រព័ន្ធសុខាភិបាលឌីជីថល ដែលបានដាក់ឱ្យដំណើរការតាំងពីដើមខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ ក្នុងនោះប្រព័ន្ធ CR Health Link ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការចុះបញ្ជីរអត្រានុកូលដ្ឋាន។ គោលបំណងនៃការបង្កើតប្រព័ន្ធ ដើម្បីធ្វើទំនើបកម្ម ដើម្បីងាយស្រួលគ្រប់គ្រងសេវាសុខាភិបាល អាចបញ្ចៀសនូវភាពយឺតយ៉ាវ និងកំហុសនានា ដែលអាចកើតចេញពីប្រព័ន្ធទិន្នន័យនៅលើក្រដាស ការបញ្ជូន និងការបញ្ចូលទិន្នន័យ។
បើតាម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានធ្វើបទបង្ហាញទៅកាន់ប្រតិភូអំពីភាពងាយស្រួលនៃការដាក់ឱ្យដំនើរការប្រព័ន្ធនៃការចុះបញ្ជីអត្រានុកូលដ្ឋាននៅខណ្ឌរបស់ខ្លួន។ ក្នុងនាមជាខណ្ឌសាកល្បង លោក បានអះអាងថា រយៈពេល ១៤ខែកន្លងមកនេះ ការងារចុះបញ្ជីរតាមប្រព័ន្ធឌីជីថលសម្រេចបានជាង ៥០០០បញ្ជីរួចមកហើយ។ ការចុះបញ្ជីតាមប្រពន័ន្ធនេះ ធានាបាននូវភាពសុក្រិត ហើយក្លាយជាមូលដ្ឋានគ្រឹះទិន្នន័យសម្រាប់ប្រើប្រាស់ជាមួយប្រព័ន្ធផ្សេងៗ។
ទោះបីជាជួបប្រទះបញ្ហាមួយចំនួន ប៉ុន្តែ លោក បានអះអាងថា ដោយមានការសហការសម្របសម្រួលពីមន្ត្រីជំនាញ បានធ្វើឱ្យការអនុវត្តសាកល្បងនេះដំណើរការបានរលូន។ ចំពោះពលរដ្ឋដែលមកទទួលសេវាបានសម្ដែងការភាពរីករាយ ដែលប្រព័ន្ធនៃការចុះបញ្ជីអត្រានុកូលដ្ឋានងាយស្រួលជាងមុន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ និងងាយស្រួលស្នើសុំសេចក្ដីចម្លង។ ប្រសិនបើប្រព័ន្ធអាចដំណើរការបានទូទាំងប្រទេស នឹងបង្កភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ។
បើតាម លោក ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងនាមជាម្ចាស់ផ្ទះសហការរៀបចំកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២នេះ បានបញ្ជាក់ទៅកាន់អ្នកចូលរួមទាំងអស់នៅក្នុងថ្ងៃបើកកិច្ចប្រជុំថា អ្វីដែលប្រតិភូទាំងអស់បានឃើញជាសមិទ្ធផលដ៏មានសារសំខាន់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីការងារអត្រានុកូលដ្ឋាន និងជាផ្នែកមួយនៃការអនុវត្តច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសម្រេចគោលដៅតំបន់ និងគោលដៅសកល ដូចមានចែងក្នុងផែនការសកម្មភាព នៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់ការចុះបញ្ជីអត្រានុកូលដ្ឋាន(UN ESCAP) និងក្របខណ្ឌផែនការសកម្មភាពតំបន់ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ដោយពិនិត្យឃើញអំពីដំណើរវិវឌ្ឍដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និង ស្ថិតិអត្រានុកូលដ្ឋាននាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា បានទទួលសំណើ និងការគាំទ្រពីអង្គការ UN-ESCAP ឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំបណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់ អាស៊ីអាគ្នេយ៍លើកទី២ ដ៏មានសារសំខាន់។ កិច្ចប្រជុំត្រូវបានដំណើរការចាប់ពីថ្ងៃទី១៤ និងបញ្ចប់នៅរសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤នេះ៕
ដោយ ៖ សិលា