ភ្នំពេញ ៖ បុរសវ័យ៣៣ឆ្នាំម្នាក់ដែលជាកម្មកររោងចក្រ បានដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលលេខA០៤ ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អ៊ុង ថាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន ៖ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។
យោងតាមការបំភ្លឺពីឈ្មោះ ស្រឿង វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលត្រូវជាបងថ្លៃសព បានឲ្យដឹងថា កន្លងមកប្អូនថ្លៃគាត់មានជម្ងឺសួតតាំងពីក្មេងមកម្ល៉េះ ហើយជួលបន្ទប់កើតហេតុខាងលើស្នាក់នៅតែម្នាក់ឯង រួចធ្វើការថែមម៉ោងរហូត លុះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ពុំឃើញប្អូនថ្លៃខ្ញុំទៅធ្វើការ បងថ្លៃក៏ទូរសព្ទ័ទៅជាច្រើនដង ពុំមានការឆ្លើយតប ដោយមានការសង្ស័យទេីបបងថ្លៃសុំមេការចេញពីរោងចក្រមកមើលប្អូនថ្លៃ ពេលមកដល់ឃើញទ្វារបន្ទប់បិទជិត គាត់ក៏គាស់បង្អួចបើកមើលឃើញប្អូនខ្លួនដេកស្តូកស្តឹង រួចបងថ្លៃក៏មកប្រាប់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះបានវាយកញ្ចក់ទ្វារ រួចលូកដៃដោះមេសោដែលថ្ពក់ជាប់ស្រយ៉ូវពីខាងក្នុងបើកចូល ទើបដឹងថា ប្អូនថ្លៃខ្លួនបានស្លាប់បាត់ទៅហេីយ ។
បេីយោងតាមការពិនិត្យសាកសពនៅកន្លែងកេីតហេតុ និងព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជម្ងឺបេះដូង។ បច្ចុប្បន្ន សាកសពជនរងគ្រោះបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ