ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញទស្សនា ស្ថានីយសន្លុងដូនណាង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា តំបន់អភិរក្សស្ថានីយឡស្លដែកបុរាណ សន្លុងប្រឡាយដូនណាង ដែលជាស្ថានីយបុរាណវិទ្យា ស្ថិតនៅឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។

លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជម្រាបជូនសម្តេចភក្តី ជ្រាបថា ៖ ទីតាំងសន្លុងនេះ បានស្រាវជ្រាវរកឃើញ ដោយលោកបណ្ឌិត ធុយ ចាន់ធួន ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលលោកបានរកឃើញ សន្លុងធំៗជាច្រើនកន្លែង នៅក្នុងស្រុករវៀង ស្រុកជ័យសែន ស្រុកឆែប ស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ និងនៅស្រុកបា្រសាទបាល្ល័ង ខេត្តកំពង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកសំរោងចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ និងនៅក្នុងតំបន់មួយចំនួនទៀត ដែលការរកឃើញស្ថានីយ៍ទាំងនេះ មានសរុបជាង២០០ទីតាំង ។

ស្ថានីយឫស្សីត្រឹម ជាស្ថានីយឧស្សាហកម្មឡស្លដែកបុរាណធំមួយ ដែលក្នុងចំណោមស្ថានីយទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទៅជាឧទ្យានជាតិ ព្រោះស្ថានីយនេះមាន តម្លៃជាប្រវត្តិសាស្រ្តយ៉ាងសំខាន់បំផុត ដែលមិនអាចកាត់ថ្លៃបានរបស់ជាតិយើង។ តម្លៃនោះ គឺបញ្ជាក់ពីស្នាដៃបុព្វបុរសខ្មែរជំនាន់ដើម ដែលមានសមត្ថភាព បច្ចេកទេសខ្ពស់ ខាងវិទ្យាសាស្រ្ត ដែលអាចចម្រាញ់ និងផលិតដែកយ៉ាងស្ទាត់ជំនាញ ហើយយ៉ាងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ នាំអោយខ្មែរសម័យបុរាណឈានដល់អាណាចក្រអង្គដ៏រុងរឿង។ ដែកជាកាតាលីករ យ៉ាងចម្បងបំផុតសម្រាប់ជំរុញអោយចក្រភពខ្មែរឈានទៅដល់កំពូលនៃអរិយធម៌។ ការបង្កើតឧទ្យានជាតិនេះឡើង គឺដើម្បីរំលឹកគុណូបការៈបុព្វការីជន ដែលបានផលិតដែក នៅតំបន់ឧទ្យានជាតិនេះ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងសរសើរចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេង របស់បុព្វការីជនយើង ដែលមានសមត្ថភាពបង្កើតឧស្សាហកម្មផលិតដែកនៅតំបន់ទាំងនេះ ដែលជាកត្តាជម្រុញអោយចក្រភពខ្មែរពង្រឹងវិសាលភាពធំធេង ហើយស្នាដៃនេះ បានបន្សល់ទុកកេរ្ត៍តំណែល វប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងចំណោមកេរ្ត៍តំណែលជាច្រើនទៀតនៃ អរិយធម៌អង្គរដ៏រុងរឿង។

សម្តេចប្រធានព្រឹទ្ធសភាបានសំណូមពរ សូមអជ្ញាធរ ខេត្ត ស្រុក ខណ្ឌ និងប្រជាពលរដ្ឋចូលរួមបន្តរក្សាការពារ និងអភិវឌ្ឍតំបន់អភិរក្សនេះឲ្យបានល្អ មានសោភណភាព ដើម្បីបែ្រក្លាយតំបន់ស្ថានីយបុរាណវិទ្យានេះ ទៅជារមណីយដ្ឋានទេសចរធម្មជាតិ ដែលអាចបង្កើនចំណូលដល់មូលដ្ឋានផង និងសម្រាប់មនុស្សជំនាន់ក្រោយបន្តសិក្សាស្រាវជ្រាវអំពីវប្បធម៌ អរិយធម៌ខ្មែរផង ៕ ហេង សូរិយា

fs

se

ee
សូមអានបន្ត ៖ ជនសង្ស័យ៤នាក់ប្រើដាវកាប់ប្លន់យកម៉ូតូ និងគ្រឿងអលង្កាពីនារីម្នាក់បានសម្រេច រត់មិនរួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ និងបន្តតាមចាប់បាន១៣នាក់ថែមទៀត


ចែករំលែក៖