ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តគេចគោលដៅសមត្ថកិច្ចនៅចំណុចមុខសាលាវ៉ាន់ដាបើករត់គេចរហូតដល់ស្តុបបូកគោទើបឃាត់បាន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តជាលក្ខណៈគ្រួសារដោយសារតែមានជាតិស្រវឹង បានព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យជាតិស្រវឹង របស់កម្លាំងនគរបាល ខណ្ឌបឹងកេងកង ទោះជាកម្លាំងឃាត់ដើម្បីឱ្យអ្នកបើកបរសហការពិនិត្យជាតិអាល់កុលបែរជាបើករត់គេចរហូតដល់ស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ទើបកម្លាំងតាមឃាត់បាន នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលម៉ោង១១និង២០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

នៅចំណុចមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចឃាតម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-0799 បើកបរដោយបុរសម្នាក់ រួមដំណើរជាលក្ខណៈគ្រួសារ មានប្រុសស្រី ចាស់ក្មេង។

បើតាមលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះថា រថយន្តមួយគ្រឿងខាងលើ អ្នកបើកបរប្រើប្រាស់ជាតិស្រវឹង លុះធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងរបស់កម្លាំងនគរបាលខណ្ឌបឹងកេងកងយើង ត្រង់ចំណុចមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង តែអ្នកបើកបរមិនព្រមសហការ បែរជាព្យាយាមបើករត់គេចរហូតដល់ស្តុប បូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបកម្លាំងដេញតាមឃាត់បាន ស្នើសុំឱ្យអ្នកបើកបរសហការ ស្រាប់តែមានស្រ្តីម្នាក់ជាសាច់ញាតិរួមដំណើរជាមួយនោះ ផ្ទុះកំហឹងប្រើប្រាស់សម្តីមិនសមរម្យមកលើកងកម្លាំង តែទោះជាយ៉ាងណាក្តី នគរបាលអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ បានឃាត់នាំយករថយន្ត អ្នកបើកបរទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកងជាបណ្តោះអាសន្ន ។

លោកអធិការបញ្ជាក់ផងដែរ ចំពោះអ្នកបើកបររថយន្ត គាត់មានជាតិស្រវឹងហើយ និងស្ត្រីម្នាក់ នគរបាលក៏មិនឃាត់ខ្លួនអ្វីដែរ ដោយមានសាច់ញាតិ ក្រុមគ្រួសារទៅធានាយកទៅផ្ទះសិន ទុកតែរថយន្ត រងចាំព្រឹកឡើង អញ្ជើញអ្នកបើកបរ ចូលខ្លួនដោះស្រាយ ពិន័យអន្តការណ៍ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចំណែកស្ត្រីម្នាក់ជាសាច់ញាតិដែលប្រើប្រាស់សម្តីមិនសមរម្យមកលើកងកម្លាំងនោះ ក៏ត្រូវអញ្ជើញចូលខ្លួនមកសូមទោស និងកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញហើយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖