ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកមិនមែនជាប្រទេសល្មោភសង្គ្រាមឡើយតែជាកាតព្វកិច្ចរបស់មហាអំណាច

ចែករំលែក៖

ការធ្វើសង្គ្រាមរបស់អាមេរិកនៅជុំវិញពិភពលោមិនមែនជាការញៀនសង្គ្រាមនោះឡើយគឺអាមេរិកចាំបាច់ត្រូវតែធ្វើដើម្បី បញ្ជាក់ពីមហាអំណាចដែលខ្លួនកំពុងតែគ្រប់គ្រង។ បើអាមេរិកមិនធ្វើសង្គ្រាមនៅខាងក្រៅនោះទេ ឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិនឹងត្រូវបាត់បង់។ មិន តែប៉ុណ្ណោះអាមេរិកមានប្រវត្តិធ្វើសង្គ្រាមជាយូរណាស់មកហើយ តាំងតែពីទឹកដី អាមេរិកបានកកើតឡើងមកម្លេ៉ះ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺកាន់តែធ្វើសង្គ្រាមអាមរិកកាន់តែរីកចម្រើន បើទោះបីចំណាយ ប្រាក់ច្រើនតែចំណូលពីសង្គ្រាមក៏ច្រើនដូច គ្នាដែរ។

អាមេរិកពេលដំបូងមានតែ១៣រដ្ឋតូចប៉ុណ្ណោះ ហើយងាយរងការវាយបំផ្លាញនៅតាមបណ្ដោយព្រំដែននៅភាគខាងជើង អាមេរិកថែមទៀត។ ប៉ុន្ដែគ្រាន់តែរយៈ ពេល១សតវត្សប៉ុណ្ណោះ អាមេរិកបាន ពង្រីកទឹកដីយ៉ាងធំធេងដោយបានសម្លាប់ជនជាតិដើមដណ្ដើមយកបណ្ដារដ្ឋដូចជា រដ្ឋតិចសាស់ ញូវម៉ិចស៊ីកូ អារីហ្សូណា និងកាលីហ្វ័រនីញ៉ាពីប្រទេសម៉ិចស៊ិក។
ចាប់ផ្ដើមឡើងដោយសង្គ្រាមស៊ីវិល បន្ទាប់មកគឺជាការគ្រប់គ្រងតំបន់ផ្ទៃដីដ៏មាន តម្លៃនៅក្នុងប្រទេស។ អាមេរិកបានចូល រួមនៅក្នុងសង្គ្រាមពិភពលោកទាំង២លើក។ ដូច្នេះអាមេរិកក្លាយជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ពិភពលោកបន្ដិចម្ដងៗ ពិសេសគឺនៅក្នុងពេលនិងក្រោយពេល សង្គ្រាមត្រជាក់ដោយធ្វើសង្គ្រាមរាប់សិបលើកក៏ដូចជាការជ្រៀតជ្រែកដោយយោ ធាទៅក្នុងប្រទេសដែលមានវិវាទ។

ពលរដ្ឋអាមេរិកតែងចាត់ទុកខ្លួនថា ជាមនុស្សស្រឡាញ់សន្ដិភាព។ អតីតប្រធា នាធិបតី Teddy Rosevelt អាចជាប្រធានា ធិបតីអាមេរិកចុងក្រោយគេបង្អស់ដែល មានទស្សនៈទៀងត្រង់ស្ដីពីសង្គ្រាម។

លោក Rosevelt បាននិយាយមួយ ឃ្លាថា “សង្គ្រាមមួយជាយូរអង្វែងវាល្អ សម្រាប់ឆន្ទៈរបស់បុរសជាជាងសន្ដិភាព ស្ថិរភាព”។ ទោះបីយ៉ាងណាក៏ដោយការធ្វើសង្គ្រាមឬការជ្រៀតជ្រែកដោយយោធា បណ្ដាប្រធានាធិបតីអាមេរិកតែងនឹក ឃើញដល់សម្ដីរបស់អតីតប្រធានាធិបតី Teddy Rosevelt។
តាមទំនៀមទម្លាប់របស់ប្រធានាធិបតីអាមេរិកនីមួយៗគឺមានសង្គ្រាមមួយផ្ទាល់ខ្លួនក្នុងពេលឡើងគ្រប់គ្រងអំណាចនោះ។ ជាក់ស្ដែងប្រធានាធិបតី អូបាម៉ា ដែលជា អ្នកស្រឡាញ់សន្ដិភាព ហើយជាម្ចាស់ពានរង្វាន់ណូបែលសន្ដិភាពជាអ្នកបើកកុងតាក់ ចាប់ផ្ដើមសង្គ្រាមក្នុងប្រទេសលីប៊ី។

កាលពីឆ្នាំ២០០៨ពលរដ្ឋអាមេរិកបានជ្រើសរើសលោក អូបាម៉ា ធ្វើជាប្រធានា ធិបតីដោយដាក់ក្ដីសង្ឃឹមថា លោកនឹងមាន ទស្សនៈសន្ដិភាពជាងបណ្ដាអតីតប្រធានាធិបតីអាមេរិក។ ពលរដ្ឋអាមេរិកបានឃើញ យ៉ាងច្បាស់នូវលទ្ធផលនៃសង្គ្រាមដែលចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីប៊ូស ធ្វើឱ្យអាមេរិកជាប់ផុងសង្គ្រាមនៅអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ហេតុដូច្នេះពលរដ្ឋអាមេរិកបានជ្រើសរើសបុគ្គលដែលស្អប់សង្គ្រាមឡើងធ្វើជាប្រធានាធិបតី។

ប៉ុន្ដែអ្វីគ្រប់បែបយ៉ាងផ្ទុយស្រឡះក្រោយ រយៈពេល២ឆ្នាំនៃការគ្រប់គ្រងអំណាចរបស់ លោក អូបាម៉ា ដោយលោកបានពន្យារពេល បំពេញបេសកកម្មក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយបន្ថែមទាហានច្រើនថែម ទៀត។ ទន្ទឹមនឹងនោះលោកក៏បានចាប់ ផ្ដើមលូកដៃជ្រៀតជ្រែកដោយយោធានៅក្នុងសង្គ្រាមលីប៊ីដែលបានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១។ នោះមិនមែន ជារឿងចៃដន្យដែលអាមេរិកបញ្ជូនទាហាន របស់ខ្លួនចូលរួមដោះស្រាយទៅលើបញ្ហាអន្ដរជាតិនោះឡើយ។

កម្លាំងយោធាបានបញ្ជាក់ថា មូលហេតុ ដែលអាមេរិកបន្ដធ្វើសង្គ្រាមដោយសារ កម្លាំងទាហានដ៏ធំធេងរបស់ខ្លួន ពិសេស ពេលប្រឈមជាមួយប្រទេសតូចតាចដូចជាលីប៊ីនោះ។ ប្រសិនបើជាអ្នកដែលមានយន្ដហោះចម្បាំងរាប់រយគ្រឿងកាំជ្រួច មីស៊ីល បញ្ជាកាំជ្រួចមីស៊ីលឆ្លងទ្វីបគឺពិភពលោកទាំងមូលសុទ្ធសឹងតែជាគោលដៅ ក្នុងការជ្រើសរើសរបស់អ្នក។ ហេតុដូច្នេះ ពេលដែលមានកន្លែងណាមួយមានបញ្ហា ពិសេសមានការប៉ះទង្គិចគ្នាអាមេរិកពិបាកនឹងទប់ស្កាត់អារម្មណ៍របស់ខ្លួនណាស់គឺត្រូវតែធ្វើអ្វីមួយទៅលើប្រទេសទាំងនោះ។

បណ្ដាមេដឹកនាំរបស់អាមេរិកពិបាកក្នុងការប្រឆាំងដូចអត្ថន័យក្នុងបទចម្រៀង មួយបានបញ្ជាក់ថា “ប្រសិនមានរឿងអ្វី មួយមិនល្អកើតឡើងដល់ពលរដ្ឋស្លូតត្រង់គ្មានទោសកំហុសសូមគោរពលោកប្រធានាធិបតីធ្វើយ៉ាងណាដើម្បីចុចកុងតាក់ បញ្ឈប់វា។ ទោះបីត្រូវចំណាយប្រាក់រាប់ រយលានឬក៏រាប់ពាន់លានដុល្លារឬត្រូវ ជំពាក់បំណុលគេបន្ថែមទៀតក៏ដោយ ប៉ុន្ដែប្រសិនបើលោកមិនបញ្ជូនទាហានទៅកាន់ ទីនោះមតិអន្ដរជាតិនឹងថ្កោលទោស។ ប៉ុន្ដែបើយើងធ្វើយើង មិនចាំបាច់ត្រូវខ្លាចការប្រឆាំងណាមួយឡើយដោយសារតែ រាល់អ្នកអាក្រក់ណាមួយតែងតែមានសភាព ទន់ខ្សោយ។ ប្រសិនបើលោកមិនចុចកុង តាក់មនុស្សគ្មានកំហុសជាច្រើនត្រូវស្លាប់ការជ្រើសរើសស្ថិតនៅលើលោកប្រធានាធិបតី”។
ហេតុដូច្នេះប្រធានាធិបតីអាមេរិកគ្រប់គ្រងអំណាចបច្ចុប្បន្ន បារ៉ាក់ អូបាម៉ា ទោះបីស្រឡាញ់សន្ដិភាពក៏ត្រូវតែបង្ហាញឥទ្ធិ ពលរបស់អាមេរិកទៅលើពិភពលោកទាំងមូលដែរ។ ក្រុមអ្នកវិភាគយល់ឃើញថា តម្លៃរបស់អាមេរិកមិនមែននៅត្រង់សេដ្ឋ កិច្ចទី១លើពិភពលោកនោះឡើយគឺនៅត្រង់ ចំណុចឥទ្ធិពលយោធាសិទ្ធិអំណាចក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី។

អាមេរិកគ្មានសត្រូវណាមួយគ្រោះថ្នាក់នោះទេ ពីព្រោះអាមេរិកមានសុវត្ថិភាពក្រោយពេលសង្គ្រាមត្រជាក់ ហើយអាមេរិក មិនមានការព្រួយបារម្ភភ័យខ្លាចរាល់កម្លាំងណាមួយឡើយនៅលើពិភពលោកគ្មាន សត្រូវដែលមានកម្លាំងប្រហាក់ប្រហែលដើម្បីប្រកួតប្រជែងជាមួយអាមេរិកនោះ ឡើយ។

អាមេរិកបង្ហាញការព្រួយបារម្ភពីការ វាយប្រហារភេរវកម្មតាមរយៈការថ្លែង សុន្ទរកថារបស់អតីតប្រធានាធិបតី ប៊ូស ក្រោយព្រឹត្ដិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា គឺបានអំពាវនាវដល់សហគមន៍អន្ដរជាតិទាំងមូលឱ្យរួមគ្នាផ្ដោតទៅលើ សង្គ្រាមប្រឆាំងភេរវកម្ម ប៉ុន្ដែភេរវកម្មជា បញ្ហាដែលអាមេរិកបានបំផ្លោងហួសហេតុ។ អ្នកវិភាគនយោបាយជាច្រើនចាត់ទុកថា នោះជាលេសដើម្បីអាមេរិកជ្រៀតជ្រែកដោយយោធានៅតំបន់ជាច្រើនលើពិភព លោក ពិសេសនៅក្នុងប្រទេសអុីរ៉ាក់ និង អាហ្វហ្គានីស្ថាន។ មូលហេតុមួយផ្សេង ទៀតអាមេរិកមានគោលនយោបាយល្អ ប្រសើរក្នុងការទប់ស្កាត់បណ្ដាប្រទេសដែល ប្រឆាំងជាមួយខ្លួន។

ទាំងនោះហើយជាមូលដ្ឋានដែលធ្វើឱ្យអាមេរិកទទួលបានផលប្រយោជន៍មហា សាលនៅក្នុងសង្គ្រាមលោកទាំងពីរ។ ជា មួយនឹងទីតាំងនិងគោលនយោបាយល្អ ប្រសើរបានអនុញ្ញាតឱ្យអាមេរិកអនុវត្ដនូវគម្រោងទាំងឡាយដែលត្រូវចំណាយពេល វេលានិងទ្រព្យសម្បត្ដិដូចជាសង្គ្រាមបច្ចុប្បន្ន នៅលីប៊ីទោះបីមិននាំមកនូវផលប្រយោជន៍ ដល់អាមេរិក ប៉ុន្ដែវាមានឥទ្ធិពលយ៉ាងធំ ធេងដល់គោលនយោបាយយោធារបស់ អាមេរិកដែលជាមហាអំណាចទី១នៅលើពិភពលោក ៕ ម៉ែវ សាធី

davidsling


ចែករំលែក៖