នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បានប្រកាសឲ្យដឹងថា តាម បណ្តោយព្រំដែនមានប្រវែង៩១គីឡូម៉ែត្រចាប់ពី Azaz រហូតដល់ Jarabulus ត្រូវបានគ្រប់គ្រងដោយកម្លាំងទាហានទួរគីទាំងស្រុងក្រោយការបញ្ជូនកម្លាំងថ្មើរជើងវាយប្រហារនៅតាមព្រំដែននោះ។
នាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញាថា កម្លាំងថ្មើជើងទួរគីដែលមានការគាំទ្រពីអាមេរិក និងក្រុមទាហានបះបោរស៊ីរីវាយប្រហារបណ្តេញក្រុមភេរវកម្ម IS ចេញពីតំបន់ព្រំដែនដែលពួកគេគ្រប់ គ្រងរយៈពេលកន្លងមក។
កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ក្រុមISបានបាត់ បង់ទីតាំងដែលជាកន្លែងទំនាក់ទំនងដ៏ សំខាន់ជាមួយពិភពលោកគឺភូមិនៅព្រំដែន ជាប់ដងទន្លេ Sajur និង Al-Rai ។
ក្នុងថ្ងៃជាមួយគ្នានោះកម្លាំងទាហានស៊ីរី ដោយមានការគាំទ្រពីយន្តហោះចម្បាំងរុស្ស៊ី បានបើកការវាយប្រហារនៅភាគខាងត្បូងទីក្រុង Aleppo ដណ្តើមគ្រប់គ្រងបានមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដែលក្រុមISគ្រប់គ្រងពីមុនមក។
ការវាយប្រហាររបស់កម្លាំងទាហានថ្មើរ ជើងទួរគីនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង ក្នុងពេលដែលការវាយប្រហារនោះទទួលបានការគាំទ្រពីអាមេរិកនិងរុស្ស៊ី។
រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកបាសា អាល់អាសាដ បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែការបញ្ជូនកម្លាំងថ្មើរជើង វាយប្រហារតាមព្រំដែននោះអាចធ្វើឲ្យស៊ីរីត្រូវបាត់បង់ទឹកដីជាច្រើន។ រដ្ឋាភិបាល លោក អាល់អាសាដ ធា្លប់បានអំពាវនាវ ដល់អង្គការសហប្រជាជាតិអន្តរាគមន៍ បញ្ចប់សកម្មភាពស៊ីរីចាត់ទុកថា ជាការ ឈ្លានពាន ៕ ម៉ែវ សាធី