ជ័យជម្នះជាប្រវត្តិសាស្ត្របានធ្លាក់ទៅលើក្រុមយុវវ័យគឺជាការសម្រេចក្តីសុបិន ជំហានដំបូងក្នុងការផ្តាច់ខ្លួនកោះហុងកុងចេញពីចិនដីគោក។
ក្រុមសកម្មជនវ័យក្មេងកោះហុងកុង ទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្ត ក្លាយជាតំណាងរាស្ត្រកោះនេះនៅក្នុង ការបោះឆ្នោតកាលពីថ្ងៃទី៥ខែកញ្ញា។ នេះជាការបោះឆ្នោតទ្រង់ទ្រាយធំជាលើកទី១ចាប់តាំងពីឆ្នាំ២០១៤មក។
ពលរដ្ឋហុងកុង២,២លាននាក់បានបោះឆ្នោតជាទ្រង់ទ្រាយធំបំផុតបញ្ចប់ទៅដោយជោគជ័យ ហើយក្រុមអ្នកគាំទ្រហុងកុងឯករាជ្យយកឈ្នះក្នុងការបោះឆ្នោតខាង លើ។
កន្លងមកពលរដ្ឋហុងកុងបង្ហាញក្តីបារម្ភ ពីការរឹតបន្តឹងការគ្រប់គ្រងទីក្រុងស្វយ័តហុងកុងលើគ្រប់វិស័យពិសេសគឺវិស័យ នយោបាយអប់រំជាដើម។ យុវជន៣នាក់ ដែលជាមេដឹកនាំវ័យក្មេងដែលបានអំពាវនាវឲ្យផ្តាច់ខ្លួនចេញពីចិននោះទទួលបានជោគជ័យក្រោយការរាប់សន្លឹកឆ្នោតបាន៩០ភាគរយ។
អ្នកដែលជាប់ឆ្នោតមានយុវជនទើបតែអាយុ២៣ឆ្នាំប៉ុណ្ណោះ ជាសកម្មជនវ័យក្មេង ឈ្មោះ Nathan Law។ គណបក្សថ្មីមាន ឈ្មោះថា Dmosisto ដឹកនាំដោយយុវជន ឈ្មោះ Nathan បានអំពាវនាវឲ្យមានការធ្វើប្រជាមតិសម្រាប់ការផ្តាច់ខ្លួនចេញពីចិន ដីគោក។ ណាថានបានបញ្ជាក់ថា ពលរដ្ឋហុងកុងមានសិទ្ធិជ្រើសរើសផលប្រយោជន៍ និងអនាគតរបស់ខ្លួនដោយមិនរងការកាបសង្កត់ពីភាគីណាមួយ។
កន្លងមកអ្នកនយោបាយហុងកុងមិនដែលគាំទ្រឲ្យផ្តាច់ខ្លួនចេញពីចិនដីគោកឡើយ។ ក្រោយពេលដែលលេចមុខអ្នក នយោបាយវ័យក្មេងបានធ្វើឲ្យអ្នកនយោបាយហុងកុងអាចបែកបាក់គ្នា៕ ម៉ែវ សាធី