ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសចិនកំពុងប្រឈមនឹងការផ្តាច់ខ្លួនឯករាជ្យនៅតំបន់ស្វយ័តជាច្រើន

ចែករំលែក៖

ក្រោយពេលដែលក្រុមយុវជនហុងកុងឯករាជ្យនិយមជាប់ឆ្នោតក្នុងការបោះឆ្នោតនៅកោះហុងកុងនាពេលកន្លងមកធ្វើឲ្យ រដ្ឋាភិបាលចិនដីគោកកាន់តែពិបាកក្នុងការ ការពារបូរណភាពទឹកដីដោយកោះហុង កុងអាចនឹងផ្តាច់ខ្លួនចេញពីចិនដីគោកទៅជា តំបន់ឯករាជ្យ មានការគ្រប់គ្រងរដ្ឋបាលដោយខ្លួនឯងមិនស្ថិតនៅក្រោមឥទ្ធិពល របស់ចិន។

កោះហុងកុងក៏ដូចជាតៃវ៉ាន់ពេលនេះមានអ្នកដឹកនាំឯករាជ្យនិយមជាប់ឆ្នោតកាន់ តំណែងដឹកនាំតំបន់ជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលចិនដីគោកដែលកំពុងតែខិតខំពង្រីកទឹកដីនោះ។
កន្លងមកលោកស្រី Tsai Ing-wen ទើបតែបាន ប្រកាសថា លោកស្រីគឺជាប្រធានាធិបតីកោះតៃវ៉ាន់។ ការប្រកាសតាំងខ្លួនជាប្រធានាធិបតីនោះគឺជាសញ្ញាគ្រោះថ្នាក់មួយដែលតៃវ៉ាន់អាចប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីចិនដីគោក។ ប្រព័ន្ធផ្សព្វផ្សាយ របស់ចិនពេលថ្មីៗកន្លងទៅនេះបានប្រកាស ថា ការប្រកាសរបស់លោកស្រី Tsai Ing-wen ថាខ្លួនជាប្រធានាធិបតីនោះនឹងធ្វើឲ្យមានភាពតានតឹងរវាងចិននឹងកោះតៃវ៉ាន់។

កន្លងមកមេដឹកនាំកោះតៃវ៉ាន់បានចូលរួមនៅក្នុងពិធីសម្ពោធព្រែកជីកនៅប៉ាណាម៉ា ហើយលោកស្រីបានសរសេរនៅក្នុងសៀវភៅក្រាំងមាសដោយខាងក្រោមបានសរសេរឈ្មោះនិងតួនាទីថា ជាប្រធានាធិបតី តៃវ៉ាន់។ ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នោះគឺចាប់តាំងពីលោកស្រីឡើងកាន់តំណែងរាល់ឯកសារលោកស្រីបានបើកវង់ក្រចកសរសេរថា ROC មានន័យ ថា តៃវ៉ាន់ជាប្រទេសឯករាជ្យ។

មួយថ្ងៃក្រោយមកសារព័ត៌មានចិនបាន ដកស្រង់សម្តីអ្នកឯកទេសស្រាវជ្រាវស្តីពីកោះតៃវ៉ាន់យកមកចុះផ្សាយថា លោកស្រី Tsai Ing-wen បានផ្លាស់ប្តូរទស្សនៈរបស់តៃវ៉ាន់ចំពោះចិនដីគោក។
កន្លងមកទំនាក់ទំនងរវាងចិននឹងតៃវ៉ាន់ ល្អប្រសើរដោយសារតែមេដឹកនាំមានភាពជិតស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែ ចាប់តាំងពីលោកស្រី Tsai Ing-wen ឡើងកាន់អំណាចមករាល់សកម្មភាពក៏ត្រូវផ្លាស់ ប្តូរដែរ ដែលជាក្តីបារម្ភខ្លាចតៃវ៉ាន់ប្រកាសឯករាជ្យ។

ទំនាក់ទំនងរវាងចិននឹងកោះតៃវ៉ាន់កាន់ តែតានតឹងជាងមុនក្រោយពេលដែលចិនបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាផ្លូវការ ក្រោយពេលរដ្ឋាភិបាលថ្មីតៃវ៉ាន់មិនទទួលស្គាល់ថា តៃវ៉ាន់គឺជាចិនតែមួយ។ ភាគីចិន បានអះអាងថា តៃវ៉ាន់គឺជាទឹកដីកំពុងរង់ចាំការដាក់បញ្ចូលគ្នាទៅជាចិនតែមួយ ហើយចិនបានប្រកាសថា នឹងប្រើប្រាស់ កម្លាំងយោធាប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ។ តៃវ៉ាន់និងចិនដីគោកបានកាត់ផ្តាច់កាលពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩មក។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ចិនបានតម្រង់កាំជ្រួចមីស៊ីលរហូតដល់ទៅ១.៥០០ដើម សំដៅទៅលើកោះតៃវ៉ាន់ត្រៀមវាយប្រហារប្រសិនបើកោះតៃវ៉ាន់ ប្រកាសឯករាជ្យចេញពីចិនដីគោកនោះ។

តៃវ៉ាន់បានបង្កើនសកម្មភាពការពារខ្លួនដោយបានសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាសថ្មីនៅអាមេរិកក្រោយពេល ទំនាក់ទំនងរវាងកោះតៃវ៉ាន់នឹងចិនដីគោកកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។

ទំនាក់ទំនងរវាងចិននឹងកោះតៃវ៉ាន់ធ្លាក់ ក្នុងសភាពអាក្រក់ក្រោយពេលមេដឹកនាំស្និទ្ធនឹងចិនដីគោកបានបញ្ចប់តំណែងកាល ពីខែឧសភា គឺបញ្ចប់ទំនាក់ទំនងល្អប្រសើររយៈពេល៨ឆ្នាំជាមួយចិន។
ការសាកល្បងប្រព័ន្ធការពារកាំជ្រួចមីស៊ីលប្រភេទ Patriot PAC-3 ដែលផលិតនៅអាមេរិកនឹងត្រូវធ្វើការសាកល្បងនៅ ទីលានសាកល្បងមីស៊ីល White Sands រដ្ឋ New Mexico នាដើមខែកក្កដាខាងមុខ។ សកម្មភាពខាងលើរបស់កោះតៃវ៉ាន់បានធ្វើឲ្យចិនកាន់តែខឹងសម្បាថែមទៀតបើទោះ បីគម្រោងសាកល្បងខាងលើបានធ្វើឡើងមុនពេលលោកស្រី Tsai Ing-wen ឡើងកាន់ អំណាចដឹកនាំតៃវ៉ាន់នោះក៏ដោយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការណ៍ ដែលតៃវ៉ាន់សាកល្បងមីស៊ីលខាងលើនៅក្នុងទឹកដីអាមេរិកគឺដើម្បីបញ្ចៀសការចាប់បានព័ត៌មានពីសំណាក់ចិនដីគោកស្តីពីមីស៊ីលខាងលើ។ ដោយសារតែដែនអាកាស នៅតៃវ៉ាន់តូចចង្អៀតទើបមានការសាក ល្បងនៅអាមេរិក។

បើទោះបីគ្មានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ក្រោយពេលដែលអាមេរិកបានបង្កើនទំនាក់ទំនងជាថ្មីឡើង វិញជាមួយទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៧៩ ប៉ុន្តែអាមេរិកនៅតែជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតនិងជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេឲ្យកោះតៃវ៉ាន់៕ ម៉ែវ សាធី

 

កងកម្លាំងចិនបង្ហាញសាច់ដុំនាពេលកន្លងមក

កងកម្លាំងចិនបង្ហាញសាច់ដុំនាពេលកន្លងមក

 


ចែករំលែក៖