ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំឡាវនៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើទឹកដីប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះសម្រាប់ពាន រង្វាន់ AFF U19 Championship 2016 ស្ថិតក្នុងពូលB ។
ក្រោយពីចាញ់ក្រុមជម្រើសជាតិយុវ ជនអាយុក្រោម១៩ឆ្នាំអូស្ត្រាលីក្នុងលទ្ធផល ២-០ នៅទឹកដីវៀតណាមកាលពីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមU19 កម្ពុជាស្ថិតនៅបាតតារាងក្នុងពូលB ហើយក្រុមកំពូលតារាងបណ្តោះអាសន្នគឺ U19 អូស្ត្រាលីដែលមាន៣ពិន្ទុនិងមីយ៉ាន់ម៉ា មាន៣ពិន្ទុដែរ ដោយគ្រាន់តែគ្រាប់បាល់ ចំណេញតិចជាងអូស្ត្រាលី ។
ការប្រកួតកាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ក្រុមU19 កម្ពុជាបានព្យាយាមលេងទប់យ៉ាងស្វាហាប់បំផុតជាមួយនឹង U19 អូស្ត្រាលី ហើយអ្នកគាំទ្រជាជនរួមជាតិ ដែលបាន តាមដានការប្រកួតតាមការផ្សាយបន្តផ្ទាល់ របស់ទូរទស្សន៍ BTV នៅកម្ពុជាសុទ្ធតែ បង្ហាញភាពរីករាយនៅពេលក្រុមកម្ពុជា បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៅ តង់ទីមួយ ។ ចូលដល់តង់ទី២ក្រុមU19 កម្ពុជា មិនអាចរារាំងក្រុមអូស្រ្តាលីដែលមានប្រៀបលើពួកគេទាំងកម្ពស់បច្ចេកទេស និងល្បឿនបានទៀតនោះទេហើយការ វាយសម្រុកយ៉ាងខ្លាំងនោះបានផ្តល់ឲ្យខ្សែប្រយុទ្ធ George Henry ស៊ុតបាល់បញ្ចូល ទីរបស់កម្ពុជាបានសម្រេចនៅនាទីទី៦៣ ហើយកីឡាករ George Henry ដដែល បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៦៦ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ខណៈលោកអាជ្ញាកណ្តាលបានពិន័យអ្នកចាំទី កែវ សុខសិលា របស់កម្ពុជាដែលបានជ្រុលទៅប៉ះខ្សែប្រយុទ្ធរបស់ក្រុមអូស្រ្តាលីឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ។ ចប់ការប្រកួតសម្រាប់ថ្ងៃបើកឆាករបស់កម្ពុជាក្នុងពាន រង្វាន់AFF U19 Championship 2016 គឺចាញ់ ក្រុមអូស្ត្រាលី ២-០ ។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃប្រកួតបើក ឆាកពូលB ក្រុម U19 ថៃបានយកឈ្នះ U19ឡាវ ២-១ និង U19 មីយ៉ាន់ម៉ា បានយក ឈ្នះ U19 ឥណ្ឌូនេស៊ី ៣-២ ។ ដូច្នេះ សម្រាប់ពូលBក្រុមដែលទទួលបាន៣ពិន្ទុ មានអូស្ត្រាលី មីយ៉ាន់ម៉ា និងថៃ ។ ចំណែក ក្រុមឥណ្ឌូនេស៊ី ឡាវ និងកម្ពុជាមិនទាន់រកបាន៣ពិន្ទុនោះទេ ។ នៅថ្ងៃទី១៤ ខែកញ្ញា នេះក្រុមកម្ពុជាត្រូវប៉ះជាមួយក្រុមឡាវនៅម៉ោង៤រសៀល, មីយ៉ាន់ម៉ាប៉ះអូស្ត្រាលីម៉ោង៣និង៣០នាទីរសៀល, ក្រុមឥណ្ឌូនេស៊ីប៉ះក្រុមថៃម៉ោង៧យប់ ៕ សារីម