ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌រឹតបន្តឹងការផលិតខ្សែភាពយន្តខា្នតវែង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈបានចេញសេចក្តីណែនាំមួយដោយចេញវិធានការអប់រំនិងរឹតបន្តឹងការផលិតខ្សែភាពយន្តខា្នតវែងដើម្បីលើកកម្ពស់ គុណភាព ផលិតកម្ម ស្នាដៃភាពយន្តខ្មែរ ក្នុងគោលដៅប្រកួតប្រជែងនៅលើទីផ្សារភាពយន្តក្នុងស្រុក។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នេះតទៅអ្នកដឹកនាំរឿង ថ្មីដែលមានបំណងដឹកនាំផលិតភាពយន្តរឿងខ្នាតវែងត្រូវមានស្នាដៃភាពយន្តខា្នតខ្លីចំនួន២ស្នាដៃដែលផលិតដោយសាមីខ្លួនផ្ទាល់មកបង្ហាញក្រសួងវប្បធម៌ដោយភ្ជាប់ជាមួយឯកសារសម្រាប់វាយតម្លៃនិងវិនិច្ឆ័យសម្រេចអំពីសមត្ថភាពចំណេះដឹងនិងបទ ពិសោធន៍របស់ខ្លួនមុននឹងអនុញ្ញាតឬមិនអនុញ្ញាតឱ្យដឹកនាំផលិតស្នាដៃភាពយន្ត។

សេចក្តីជូនដំណឹងបានបន្តថា អ្នកដឹកនាំរឿងដែលមិនមានលក្ខណសម្បត្តិវិជ្ជា ជីវៈបទពិសោធន៍និងសមត្ថភាពជំនាញ សមល្មមទេនឹងមិនអនុញ្ញាតឱ្យដឹកនាំផលិតស្នាដៃភាពយន្តរឿងខ្នាតវែងទៀតឡើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា វិធានការ នេះធ្វើឡើងដើម្បីលើកកម្ពស់គុណភាព ផលិតកម្មស្នាដៃភាពយន្តខ្មែរក្នុងគោលដៅប្រកួតប្រជែងនៅលើទីផ្សារភាពយន្ត ក្នុងស្រុក។

ក្រសួងវប្បធម៌បានបញ្ជាក់ថា ការអនុ វត្តវិធានការបែបនេះក៏ដើម្បីប្រមូលផ្តុំអ្នកដែលមានស្នាដៃនៅក្នុងបញ្ជីមួយ។

លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជាបានមានប្រសាសន៍ថា លោក គាំទ្រចំពោះវិធានការរបស់ក្រសួងវប្បធម៌នេះដោយលោកចាត់ទុកថាវិធានការនេះវានឹងជួយឱ្យវិស័យភាពយន្តកម្ពុជាមានការ រីកចម្រើនក្នុងការប្រកួតប្រជែងជាមួយ ភាពយន្តបរទេស។

លោកបានបញ្ជាក់ថា វិធានការនេះ វាក៏ជះឥទ្ធិពលមិនល្អមួយចំនួនដល់អ្នកដឹកនាំ សម្តែងភាពយន្តថ្មីៗមានបទពិសោធន៍តិច ហើយចង់ផលិតភាពយន្តខ្នាតវែងនោះបានបាត់បង់ឱកាសក្នុងការបញ្ចេញសមត្ថភាពដោយសារតែក្រសួងហាមឃាត់បែបនេះ។

លោកប្រធានសមាគមបានបន្តថា ទន្ទឹម នឹងចេញវិធានការនេះក្រសួងវប្បធម៌និង វិចិត្រសិល្បៈត្រូវតែបើកវគ្គបណ្តុះបណ្តាលជំនាញដឹកនាំភាពយន្តគ្រប់ប្រភេទក្នុងរយៈ ពេលខ្លី,មធ្យមនិងរយៈពេលវែងដល់ផលិតករភាពយន្តខ្មែរដើម្បីឱ្យពួកគេមានសមត្ថភាពនិងបទពិសោធន៍ក្នុងការផលិតខ្សែភាពយន្តដែលមានគុណភាពអាចទទួលយក បាន។

មិនត្រឹមតែប៉ុណ្ណោះក្រសួងក៏ត្រូវមាន កញ្ចប់ថវិកាគាំទ្រក្នុងការលើកកម្ពស់ការ ផលិតខ្សែភាពយន្តផងដែរ៕ សហការី

 

 


ចែករំលែក៖