ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានធ្វើការតវ៉ាក្រោយទិញដីឡូត៍ពីលោក ជឿន សារុន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់ តែមិនទទួលបានដីហើយនឹងប្លង់។
តាមទទួលបានព័ត៌មាន, ម្ចាស់ដីឡូត៍ ដែលជាអធិការរងខណ្ឌព្រែកព្នៅនោះបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ខ្លាចជាប់សំណាញ់ច្បាប់ ។
ភាគច្រើនពលរដ្ឋរងគ្រោះខ្លះនៅខេត្តព្រៃវែង ជាកម្មការិនីកាត់ដេរ ដោយសន្សំលុយមិនហ៊ានចាយ ដើម្បីមកបង់រំលោះ, ខ្លះនៅខេត្តកណ្តាល ដោយយកលុយដែលកូនជូន មកបង់រំលោះ និងខ្លះជាកម្មករសំណង់ បានសន្សំលុយមកបង់តែចុងក្រោយអស់រលីង។ មួយឡូត៍តម្លៃ 3800ដុល្លារ។
ករណីនេះ ប្រជាពលរដ្ឋធ្លាប់បញ្ជូនទៅអាជ្ញាធរ ពេលទទួលបានព័ត៌មានភ្លាម ខាងស្រុកបានកោះហៅលោក ជឿន សារុន មកដោះស្រាយតែលោកមិនចូលខ្លួន ពីព្រោះបានគេចទៅក្រៅប្រទេសបាត់។
សូមអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលឲ្យបានខ្លាំង និងច្បាស់លាស់សម្រាប់គម្រោងពុះលក់ដីឡូត៍ ដើម្បីចូលរួមទប់ស្កាត់ការចាញ់បោក និងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ហើយបងប្អូនយើងត្រូវមានការប្រយ័ត្នខ្ពស់ពេលសម្រេចចិត្តបង់រំលោះដីឡូត៍ទាំងនោះ បារម្ភចុងក្រោយបានតែក្រដាសកិច្ចសន្យា តែមិនបានដីនិងប្លង់។
សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តបង់រំលោះដីឡូត៍នានា។ សូមកុំបារម្ភតែក្រដាសកិច្ចសន្យា តែបែរជាមិនបានដីនិងប្លង់ពិតប្រាកដ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច