លោក Roberto di Matteo ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅរបស់ ក្លិប Aston Villa ហើយក្រោយគាត់ដឹកនាំបានតែ១២៤ថ្ងៃប៉ុណ្ណោះ ។
អតីតកីឡាករ និងអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea រូបនេះត្រូវបានតែងតាំងមកដឹកនាំក្រុម Aston Villa ភ្លាមៗក្រោយអ្នកជំនួញចិន Dr Tony Xiaទិញបានក្លិបថ្ងៃទី២ ខែមិថុនា។ ប៉ុន្តែក្រុម Aston Villaឈ្នះតែមួយប្រកួតគត់ក្នុងចំណោម១១ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេស Championship ។ បច្ចុប្បន្ន លោក Steve Clarke ដែលជាជំនួយការរបស់ Roberto di Matteo គឺជាអ្នកដឹកនាំក្រុមបណ្តោះអាសន្ន ។
ក្លិបAston Villa បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់មួយថា “ក្លិបសូមប្រកាសបញ្ចប់តំណែង លោក Roberto di Matteo ក្រោយលទ្ធផលគួរឲ្យខកចិត្តយ៉ាងខ្លាំងរបស់ក្រុម ដែលធ្វើឲ្យក្រុម Aston Villa ឈរលំដាប់ថ្នាក់លេខ១៩។ យើងក៏សូមអរគុណគាត់ចំពោះកិច្ចខិតខំប្រឹងប្រែងជួយកសាងក្រុម”។
លោក Steve Bruce អតីតអ្នកចាត់ការទូទៅក្រុម Birmingham City និងលោក Mick McCarthy អតីត អ្នកដឹកនាំក្រុម Wolves គឺជាបេក្ខភាពដែលអាចនឹងមកដឹកនាំក្រុម Aston Villa។
គួររំលឹកថា លោក Di Matteo ធ្លាប់ទទួលជោគជ័យពេលដឹកនាំក្រុមតោខៀវ Chelsea ឈ្នះជើងឯក Champions Leagueឆ្នាំ២០១២ និងដឹកនាំក្រុម West Bromwich Albion ឈ្នះជើងឯកអង់គ្លេស Championship ហើយបានមកលេងនៅក្របខ័ណ្ឌ Premier Leagueវិញនៅក្នុងឆ្នាំ២០១០ ៕