ខេត្តបាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ខណៈតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នៅទូទាំងខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅតាមគោលដៅទេសចរណ៍ជាប់ប្រភពទឹកគឺល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនារដូវកាលនេះ។
សូមរំលឹកថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយកម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ចុះណែនាំការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានរៀបរយដើម្បីធានាថាភ្ញៀវដែលបានមកលេងកម្សាន្តមានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ។
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច