ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីកងរាជរដ្ឋខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោមការដឹក នាំបញ្ជាដោយផ្ទាល់ របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១០ នាទីនាថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឆ្មក់បង្រ្កាបជាក់ស្ដែងករណីគ្រឿង ញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែ១កន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យចំនួន ៤នាក់ ដែលត្រូវ សមត្ថកិច្ចចាប់ខ្លួនបានរួមមាន÷

ទី១/. ឈ្មោះ ភិន មាស អាយុ ៣៦ឆ្នាំ ភូមិព្រៃពពេល ឃុំពើក ស្រុកសំរោងទង ,ទី២/. ឈ្មោះ ឈឺន គុណ អាយុ ៤៦ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង,ទី៣/. ឈ្មោះ គង់ វិច្ឆិកា អាយុ ១៨ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង និងទី៤/. ឈ្មោះ ញ៉ាន ចាន់សៅ អាយុ ២៧ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

កម្លាំងជំនាញកងរាជអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន÷ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ (ទម្ងន់ ២.២៩ក្រាម), ១/- ទូរសព្ទចំនួន ០៧ គ្រឿង, ២/- កាំបិតចំនួន២ដើម, ៣/- កំណាត់ឈើចំនួន ០១ដើម (ប្រវែងប្រហែល កន្លះម៉ែត្រ), ៤/- លោហៈធាតុពណ៍លឿង (ខ្សែក) ចំនួន ០១ខ្សែ, ៥/- ម៉ូតូចំនួន ០២គ្រឿង, ៦/- ថង់ច្រក រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត !។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន កសាងសំណុំរឿងបញ្ជូទៅ សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖