ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ សន្តិសុខ និងសន្តិភាព ពិតជាបានរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើក កម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ក្នុងឱកាសសម្ដេច នាំយកអំណោយប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ ដែលបានរៀបចំនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ នាព្រឹកថ្ងៃចន្ទ ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំការផ្តាំផ្ញើពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស្រី បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់ដោយក្តីនឹករលឹក។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ សម្រាប់ប្រធានបទ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំនេះ គឺ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យ ខ្លាច ការពារស្រ្តីនិងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។ សម្ភារៈដែលបានប្រគល់ជូនថ្ងៃនេះ រួមមាន ៖ កងវរៈសេនាតូចអន្តរាគមន៍លេខ៣៩១, ៣៩២, ៣៩៣, ៣៩៤ និង៣៩៥ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ, កងវរសេនាតូចលេខ៤៤៦ និង៤៤៧ ទទួលបាន ៖ ឃីតថ្នាំ ប្រេងឥន្ទនៈ ក្រមា ទឹកឃ្មុំ ដំណាប់ខ្ញី ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រសក់ចាវ សៀង ស្ពៃជ្រក់ ប្រហុក ផ្អកត្រី ផ្អកសាច់ជ្រូក ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ជ្រក់ង៉ាំង៉ូវ ត្រចៀកកណ្តុរ ស្ករត្នោត អំបិល ខ្ទឹមស ប្រេងឆារ ប៊ីចេង មីសួ ស្ពៃក្តោប ត្រាវ ឆៃថាវ ខ្ទឹមបារាំង អំពិលទុំ ពងទាប្រៃ សាច់ជ្រូក និងម្សៅម្រេច ព្រមទាំងថវិកាមួយចំនួន៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច