ប្រធានាធិបតីបារាំងបាននិយាយតាមទូរស័ព្ទជាមួយសមភាគីអុីរ៉ង់របស់លោក ដោយព្រមានអំពីហានិភ័យនៃភាពវឹកវរនៅទូទាំងមជ្ឈិមបូព៌ា និងជំរុញឱ្យទីក្រុងតេអេរ៉ង់បញ្ចប់ការវាយប្រហាររបស់ខ្លួន។
ប្រធានាធិបតីបារាំង Emmanuel Macron បានមានប្រសាសន៍នៅថ្ងៃទី 15 ខែមីនាថា “ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតីអុីរ៉ង់ Masoud Pezeshkian ដើម្បីអំពាវនាវឱ្យលោកបញ្ឈប់ការវាយប្រហារដែលមិនអាចទទួលយកបានជាបន្ទាន់ ដែលពួកគេកំពុងធ្វើប្រឆាំងនឹងប្រទេសនានានៅក្នុងតំបន់ មិនថាដោយផ្ទាល់ ឬតាមរយៈក្រុមប្រូកស៊ី ជាពិសេសនៅលីបង់ និងអុីរ៉ាក់”។
ការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរបានកើតឡើងពីរបីថ្ងៃបន្ទាប់ពីបារាំងបានប្រកាសថា ទាហានម្នាក់ត្រូវបានសម្លាប់ និងប្រាំមួយនាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអត្តឃាតលើតំបន់ Kurdistan នៃប្រទេសអុីរ៉ាក់នៅថ្ងៃទី 13 ខែមីនា។ ទាំងនេះគឺជាអ្នកស្លាប់និងរបួសដំបូងសម្រាប់យោធាបារាំងចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាបានផ្ទុះឡើងនៅចុងខែកុម្ភៈ។
ប្រធានាធិបតី Macron បានសង្កត់ធ្ងន់ទៅកាន់សមភាគីរបស់លោក Pezeshkian ថា ការកំណត់គោលដៅរបស់អុីរ៉ង់លើផលប្រយោជន៍បារាំងនៅក្នុងតំបន់គឺ “មិនអាចទទួលយកបាន”។ លោកបានព្រមានថា ការកើនឡើងនៃភាពតានតឹងបច្ចុប្បន្នកំពុងធ្វើឱ្យតំបន់ទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរ ជាមួយនឹងផលវិបាកធ្ងន់ធ្ងរទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
ភាគីបារាំងបានបញ្ជាក់ថា សកម្មភាពបច្ចុប្បន្នរបស់ទីក្រុងប៉ារីសគឺគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ ដែលមានគោលបំណងការពារផលប្រយោជន៍ជាតិ ដៃគូក្នុងតំបន់និងសេរីភាពនៃការធ្វើនាវាចរណ៍។ លោកក៏បានអំពាវនាវឱ្យមានការស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច