ភ្នំពេញ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកលិច បាត់អស់រយៈពេលប្រមាណ៣ម៉ោង ទើបអ្នកភូមិ អូសអួនរកសពឃើញ ខណៈពេលចុះទៅជួយសង្គ្រោះប្អូនភ្លោះ២នាក់ ដែលលង់ទឹក ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះ ដែលបានលង់ទឹកស្លាប់ ឈ្មោះ ឆេង សុខេង អាយុ១២ឆ្នាំ ជាសិស្ស មានលំនៅក្បែរកន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមទាំងប្អូនប្រុសភ្លោះ២នាក់ និងមិត្តភក្កិ៣នាក់ទៀត ទាំងអស់ ៦នាក់ បាននាំគ្នាទៅលេងទឹកស្រះ នៅចំណុចខាងលើ។ ពេលនោះក្មេងប្រុស ៣នាក់បងប្អូន បាននាំគ្នាចុះលេងទឹកហើយប្អូនភ្លោះពីរនាក់ អាយុ៩ឆ្នាំ បានលង់ទឹក។ បងប្រុស ដែលជាជនរងគ្រោះ ក៏បានលោតទៅជួយ ហើយលង់ទឹក លិចបាត់ ។ ដោយឡែកប្អូនភ្លោះពីរនាក់ ម្នាក់ស្រវាឡើងបាន និងម្នាក់ទៀត ត្រូវបានកម្មករសំណង់ នាំគ្នាជួយស្រង់សង្គ្រោះទាន់ ។
តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីក្មេងប្រុសរងគ្រោះ បានលិចបាត់ អ្នកភូមិបាននាំគ្នាអូសអួន និងបង់ សំណាញ់រាវរកអស់រយៈពេលប្រមាណ ៣ម៉ោង នៅវេលាម៉ោងប្រមាណ៤រសៀល ទើបរកសពឃើញ ។
សពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋាន វត្តកប់ស្រូវ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច