ព័ត៌មានទាន់ហេតុការណ៍៖

អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធ ករណី លោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធ ករណី លោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ។

អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបន្តថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៤០នាទីយប់ មានប្រជាពលរដ្ឋឈ្មោះ ញឹម ចន្ទី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានប្តឹងតាមរយៈទូរស័ព្ទ មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ថាៈ ឈ្មោះ គង់ ដា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ បានចូលផ្ទះ របស់ខ្លួនស្រែកឡូឡា និងវាយបំបែកអំពូលសូឡា ព្រមទាំងយកដែកចាក់ទ្វារពីខាងក្រៅមិនឱ្យខ្លួនចេញ។ បន្ទាប់ពី ទទួលបានព័ត៌មាននេះភ្លាម លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត និងលោកអនុភូមិ ព្រមទាំងមន្ត្រីនគរបាលម្នាក់ បានចុះទៅដល់កន្លែងកើតហេតុខាងលើ។ ពេលទៅដល់ ឃើញឈ្មោះ គង់ ដា កំពុងស្រែកជេរឡូឡារ និងមានកាន់ កូនកាំបិតក្នុងដៃ ហើយស្ទុះមកចាក់លើលោកនាយប៉ុស្តិ៍ ត្រូវមួយកាំបិតចំទ្រូងខាងស្តាំបណ្តាលឱ្យរងរបួសហូរឈាម។ ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ គង់ ដា បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ចំណែកឯលោកនាយប៉ុស្តិ៍បាន ត្រឡប់មកកន្លែងវិញ និងទៅព្យាបាលរបួស។

លុះមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨ និង ៣០ព្រឹក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពពែត និងលោកអនុភូមិ ព្រមទាំងមន្ត្រីប៉ុស្តិ៍ សរុបចំនួន ០៥នាក់ បានទៅដល់ផ្ទះជនសង្ស័យឈ្មោះ គង់ ដា ក្នុង គោលបំណងហៅមកធ្វើកិច្ចសន្យាអប់រំណែនាំចំពោះរឿងហេតុដែលកើតមានឡើងខាងលើ។ តែពេលទៅដល់ ជន សង្ស័យឈ្មោះ គង់ ដា បានស្ទុះចេញពីគ្រែដេកក្រោមផ្ទះ ដោយក្នុងដៃមានកាន់ពូថៅ និងបានស្រែកជេរថា ពួកហ្នឹង មកផ្ទះអញធ្វើអី ចង់យកអញទៅណា អញមិនទៅទេ” ថែមទាំងកាន់ពូថៅដើរសំដៅមករកសមត្ថកិច្ចយើង។ ឃើញ ដូច្នេះ លោកនាយប៉ុស្តិ៍បានស្រែកសន្លប់ថា “កុំចូលៗប្រយត្ន័ពូបាញ់” ប៉ុន្តែជនសង្ស័យមិនស្តាប់ និងរត់ចូលមករកកាប់ លោកនាយប៉ុស្តិ៍ម្តងទៀត។ ភ្លាមនោះ លោកនាយប៉ុស្តិ៍ ក៏បានប្រើសិទ្ធិការពារខ្លួន បាញ់ផ្ទុកដីចំនួន ០២គ្រាប់ ដើម្បី បន្លាចជនសង្ស័យ កុំឱ្យចូលតែជនសង្ស័យ នៅតែដើរសំដៅមករកកាប់លោកនាយប៉ុស្តិ៍ទៀតនោះ លោកនាយប៉ុស្តិ៍ក៏ បានបាញ់មួយគ្រាប់ទៀតបណ្តាលឱ្យត្រូវរបួសចំជើងខាងស្តាំដួលទៅនឹងកន្លែង។

ភ្លាមនោះ សមត្ថកិច្ច អាជ្ញាធរភូមិ ឃុំ និងក្រុមគ្រួសារ បានហៅរថយន្តសង្គ្រោះ ដឹកឈ្មោះ គង់ ដា ទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកជីភូ។ ក្រោយមក ឈ្មោះ គង់ វ៉ាន់ ត្រូវជាបងប្រុសបង្កើតរបស់ឈ្មោះ គង់ ដា បាន សំណូមពរសមត្ថកិច្ចបញ្ចប់រឿងហេតុមិនប្តឹងផ្តល់ ដោយយល់ថា ប្អូនប្រុសរបស់ខ្លួនបានចាក់លោកនាយប៉ុស្តិ៍បណ្តាល ឱ្យរងរបួសដោះខាងស្តាំ ហើយរឿងដែលលោកនាយប៉ុស្តិ៍បាញ់ត្រូវប្អូនប្រុសខ្លួន រងរបួសជើងខាងស្តាំ ក៏ក្នុងស្ថានភាព ការពារខ្លួនផងដែរ។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ និងបងប្អូនរបស់ឈ្មោះ គង់ ដា បានបញ្ជាក់ថាៈ កន្លងមក ឈ្មោះ គង់ ដា ជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន ប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ រហូត លែងលះប្រពន្ធ ព្រមទាំងបង្កការអុកឡុកក្នុងមូលដ្ឋានជាញឹកញាប់ សមត្ថកិច្ចយើងធ្លាប់បានចុះធ្វើការអប់រំដោយផ្ទាល់ មាត់ជាច្រើនលើកហើយផងដែរ។

ក្នុងពេលចុះប្រតិបត្តិការនោះ លោកនាយប៉ុស្តិ៍ មិនបានផឹកគ្រឿងស្រវឹង ដូចដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយនោះទេ។

បច្ចុប្បន្នលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែត ត្រូវបានការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អញ្ជើញទៅសាកសួរ និងធ្វើការស្រាវជ្រាវបន្ថែម។

អធិការដ្ឋាននគរបាលស្រុកស្វាយទាប សូមថ្លែងអំណរគុណ ចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នក ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមរយៈការផ្តល់ព័ត៌មានមកសមត្ថកិច្ច ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវបង្ក្រាបបានទាន់ពេលវេលា៕

ដោយ៖សុថាន


ចែករំលែក៖