ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកប្រកាសគ្រោងសាងសង់វិទ្យាសា្ថនទឹក និងដំណាំ នៅដើមឆ្នាំ២០១៧ដែលត្រូវចំណាយថវិកាប្រមាណជាង១០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស អំពីគម្រោងសាងសង់វិទ្យាសា្ថនទឹក និងដំណាំនៅឆ្នាំ២០១៧ខាងមុខ ដែលត្រូវចំណាយ ថវិកាប្រមាណ ជាង១០លានដុល្លារ អាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍ធនធាន មនុស្សលើវិស័យទឹក ខណៈកម្ពុជាជាប្រទេសកសិកម្ម។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ថា ការសម្រេចបង្កើតវិទ្យាស្ថាននេះឡើង ដោយសារតែកម្ពុជានៅមានការខ្វះខាតធន ធានមនុស្សពហុវិស័យ លើជំនាញកសិកម្ម និងការគ្រប់ គ្រងទឹក មិនអាចឆ្លើយតបការអភិវឌ្ឍលើវិស័យកសិកម្ម និងធារាសាស្រ្ត។

លោកបានលើកឡើងថា បច្ចុប្បន្នមន្រ្តីជំនាញរបស់ក្រសួងដែលចេញពីសាលាកសិកម្ម គឺចេះតែជំនាញ កសិកម្ម ហើយចេញពីវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា គឺយល់ដឹងតែធារាសាស្រ្ត ដែលបញ្ហានេះគឺពិបាក ក្នុងការ ប្រមូលផ្តុំគ្នា ហើយប្រើកម្លំាងច្រើនក្នុងដំណើរការអភិវឌ្ឍគម្រោងនីមួយៗ។

លោកបានបន្ដថា គម្រោងស្ថាបនាវិទ្យាស្ថាននេះជាគំនិតផ្តួចផ្តើម របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួង ធនធានទឹក ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចិនជាអ្នកផ្តល់សំណង់អគារ និងសម្ភារៈ សិក្សា។ ចំណែករដ្ឋាភិបាលបារំាង គឺជាអ្នកផ្តល់ជំនាញបច្ចេកទេស កម្មវិធីសិក្សា និងការបញ្ជូន សាស្រ្តាចារ្យមកបង្រៀននៅវិទ្យាស្ថាននេះផងដែរ។

លោកបានបន្ថែមថា ក្រោយពីវិទ្យាស្ថាននេះសាងសង់រួចជាជំហានដំបូង ក្រសួងនឹងប្រមូល មន្រ្តី ជំនាញ ឬវិស្វករ ឱ្យបន្តបង្កើនកម្រិតជំនាញបន្ថែម លើកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត ដើម្បី ក្លាយជាសាស្ត្រាចារ្យបង្រៀនបន្តដល់ក្រុមសិស្ស និស្សិតនៅកម្ពុជា។

លោក សាំ ពិទូ ប្រធានមជ្ឈមណ្ឌល សិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដា បានគាំទ្រចំពោះគម្រោង បង្កើតវិទ្យាស្ថានទឹក និងដំណាំនេះ ប៉ុន្តែលោកចង់ឱ្យក្រសួងបង្កើតគោល នយោបាយធនធានទឹក និងដំណាំ ឱ្យបានច្បាស់លាស់ ដើម្បីទាក់ទាញសិស្ស និស្សិត ឱ្យបានចូលរៀន ខណៈសិស្សដែលបានចូលរៀន លើជំនាញកសិកម្ម និងធារាសាស្រ្តកាន់តែមានការធ្លាក់ចុះ។

លោកបានលើកឡើងថា ការធ្លាក់ចុះរបស់និស្សិតដែលរៀនជំនាញនេះ ដោយសារតែពួកគេ បញ្ចប់ការសិក្សាពុំសូវសម្បូរទីផ្សារការងារ ហើយស្ថានភាពវិស័យកសិកម្មរបស់កម្ពុជាមានការធ្លាក់ចុះ ដោយសារពុំមានប្រព័ន្ធធារាសាស្រ្តច្បាស់លាស់ ហើយការផលិតត្រូវចំណាយថ្លៃដើមខ្ពស់ និងពិបាករកទីផ្សារលក់ បើធៀបជាមួយប្រទេសជិតខាង។

សូមបញ្ជាក់ថា គម្រោងស្ថាបនាវិទ្យាស្ថានទឹក និងដំណាំនេះ គ្រោងសាងសង់លើផ្ទៃដីចំនួន ៦ហិកតា ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលគ្រោងចំណាយថវិកា រហូតដល់ ជាង១០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

វិទ្យាស្ថាននេះក៏ជាផ្នែកមួយជា មួយគម្រោងដទៃទៀតរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលទទួល ជំនួយឥតសំ ណង់រហូតដល់១១៣លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកនៅកម្ពុជា បន្ទាប់ពីបាន ចុះហត្ថលេខាក្នុង ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ៕

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម


ចែករំលែក៖