ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ ជួបប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង ឱ្យបានឆាប់បំផុត

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា៖ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សម្ដេចសង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង៕

ដោយ៖តារា


ចែករំលែក៖