ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ស្រាវជាវឃាត់ខ្លួនជនជាតិចិនបានម្នាក់ ដែលវាយសម្លាប់ជនជាតិចិន ហើយចងរុំកម្រាលពូកដឹកទៅបោះចោល

ចែករំលែក៖

ភ្នំពេញ ៖ ឃាតករដែលវាយដុំធ្វើទារុណកម្មសម្លាប់ជនជាតិចិន ហើយចងរុំសព និងកម្រាលពូកដឹកយកទៅបោះចោលនៅលើដងផ្លូវក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ហើយនៅសល់២នាក់ទៀត កំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ។

ឃាតករដែលត្រូវឃាត់ខ្លួន ត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ KE ZETAO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល លេខ៣២ បុរីភ្នំពេញថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យជាឃាតកររូបនោះ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយជាប់ពាក់ព័ន្ធ អំពើឃាតកម្ម (ធ្វើទារុណកម្មវាយក្បាលវាយសម្លាប់ជនរងគ្រោះជាជនជាតិចិន) កាលពីថ្ងៃ១៧ ខែ មីនា ឆ្នាំ២០២៦ វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្ររួចរំសព និងកម្រាលពូកដឹកយកទឹកបោះចោលនៅលើដង ផ្លូវបេតុងមុខបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមនគរបាល បានឲ្យដឹងទៀតថា បន្ទាប់ពីមានករណីឃាតកម្ម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរង នគរបាលជាតិ និងជាស្នង ការនគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានសហការជាមួយនគរបាលព្រហ្ម ទណ្ឌកំរិតធ្ងន់ ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព ហើយឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ នៅសល់បក្ខពួក២នាក់កំពុងតែតាមស្រាវជ្រាវឃាត់ខ្លួន។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចនាំខ្លួនជនសង្ស័យ ចុះឆែកឆេរផ្ទះជួលលេខ132 (បុរីភ្នំពេញថ្មី) រកឃើញ និងដកហូតបានលិខិតឆ្លងដែន ចំនួន០៧ក្បាល និងបន្តចុះទៅឆែកឆេរ នៅផ្ទះជួល (របស់ឈ្មោះ Jian gou) រកឃើញ និងដកហូតបាន ១.ស្លាកលេខរថយន្តចំនួន០២ លេខ ភ្នំពេញ 2M-3900 និងលេខ ភ្នំពេញ 2M-3900 ២.ម៉ូនីទ័រកុំព្យូទ័រ ចំនួន០៤គ្រឿង និង.ខ្សែសាកមួយ ចំនួនផងដែរ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង២និង៣០នាទីយប់រំលង

អធ្រាត្រចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានការភ្ញាក់ ផ្អើលបន្ទាប់ពីប្រជាពលរដ្ឋម្នាក់ បានធ្វើដំណើរនៅតាមដងផ្លូវ ប្រទះឃើញសាកសពបុរសម្នាក់ ដែលគេអះអាងថា ជាជនជាតិចិន ត្រូវបានឃាតករធ្វើទារុណកម្ម និងវាយសម្លាប់រួចរុំនឹងកម្រាលពូក រុំស្កុតក្បាលជង្គង់ និងជើងទាំងចងហើយ ដឹកយកទៅបោះចោលនៅលើផ្លូវបេតុងក្នុង ភូមិព្រៃរមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាកសពបុរសរូបនោះ ពុំស្គាល់អត្តសញ្ញាណឡើយ ពាក់អាវយឺតដៃខ្លី ស្លៀកខោខូវប៊យជើងវែង មានសម្បុរស សក់កាត់ខ្លី ដែលគេសង្ស័យថាជាជនជាតិចិន ។

តាមការត្រួតពិនិត្យសព ត្រូវបានឃាតករចងរុំកម្រាល ពូកពណ៌ប្រផេះ ចុងជើងទាំងសងខាងមានចងរុំដោយខោជើងវែងចង្កេះកៅស៊ូក្រឡាការ៉ូនិង ក្បាលជង្គង់ទាំងសងខាងមានចងរុំស្កុតសថ្លា ។

សពត្រូវបានឃាតករវាយដុំ ជាំភ្នែក ក្បាលពីក្រោយ និងដងខ្លួន វាយដាំធ្វើទារុណកម្មរហូតដល់ស្លាប់រួចរុំចងកម្រាលពូកនិងចងជើងដឹក យកទៅបោះចោល។

សពត្រូវបានសមត្ថកិច្ចពិនិត្យទឹកនោម វិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន និងអំហ្វេតាមីនផងដែរ។បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិតល្អន់ជុំវិញកន្លែងកើតហេតុ និងសាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ជាករណីឃាតកម្ម វាយធ្វើទារុណកម្ម។

បន្ទាប់ពីមានករណីឃាតកម្មរំលងបាន១ថ្ងៃសមត្ថកិច្ចឈានទៅស្រាវជ្រាវឃាត់បានជនសង្ស័យម្នាក់។ចំណែកបក្សពួក២នាក់ទៀតដែលជាជនដៃដល់បានគេចខ្លួនបាត់៕


ចែករំលែក៖