ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមដំណើរដោយលោក Amir Khan តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
ទស្សនកិច្ចសិក្សានេះ មានគោលបំណងក្នុងការសិក្សាអំពីបទពិសោធន៍ល្អៗលើការងារគ្រប់គ្រងអត្តសញ្ញាណកម្ម និងការកសាងអត្តសញ្ញាណឌីជីថលជាតិ ដោយកម្មវិធី Singpass។ ប្រតិភូ បានឈ្វេងយល់ អំពី ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម តាមរយៈលេខកូដសម្គាល់អត្តសញ្ញាណ (NRIC) ដោយផ្តល់ជូនប្រជាជនសិង្ហបុរីចាប់តាំងពីកើត រហូតដល់មរណភាព និងការអនុវត្តគោលនយោបាយឌីជីថល “ប្រទេសឆ្លាតវៃ (Smart Nation)” ដោយផ្តោតលើការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសសិង្ហបុរី និងក្នុងតំបន់។
ជាមួយគ្នានោះ ប្រតិភូក៏ទទួលបានមេរៀននិងបទពិសោធន៍ លើការរៀបចំគម្រោងវិនិយោគពង្រឹងសមត្ថភាពស្ថាប័នរយៈពេលវែង ផ្តោតលើការរៀបចំគំរូហិរញ្ញប្បទានច្បាស់លាស់ និងឈ្វេងយល់អំពីកិច្ចសហការរបស់ប្រទេសសិង្ហបុរី និងមជ្ឈមណ្ឌលសកលរបស់អង្គការ UNDP (UNDP-GC-TISD) លើការងារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាAI និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដោយផ្តោតលើកិច្ចសហការនាពេលអនាគតបន្ថែមទៀតរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយអង្គការ UNDP លើការពង្រឹងសមត្ថភាពមន្ត្រី និងការគាំទ្របច្ចេកទេសលើការរៀបចំកម្មវិធី “អត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក”។
លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍ថា ទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ដែលជាប្រទេសឈានមុខលើអត្តសញ្ញាណឌីជីថល រយៈពេល ៣ថ្ងៃនេះ ទទួលបានលទ្ធផលដ៏ល្អប្រសើរ ដ្បិតអង្គភាពពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម និងអត្តសញ្ញាណឌីជីថលសិង្ហបុរី បានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជាពិសេស លើការរៀបចំកម្មវិធី “អត្តសញ្ញាណកម្មខ្មែរអេឡិចត្រូនិក” ដើម្បីលើកកម្ពស់ការផ្តល់សេវាអត្តសញ្ញាណកម្មឌីជីថលជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានទូលំទូលាយ មានភាពបត់បែន និងជឿទុកចិត្តបាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ផ្តោតលើអាទិភាព “មនុស្ស និងបច្ចេកវិទ្យា” ក្នុងចំណោមអាទិភាពទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”៕

ដោយ : សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច