ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពប្រជាជនក្នុងអំឡុងវិបត្តិជម្លោះព្រំដែន កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ “ការវិនិយោគភាពធន់សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងអំឡុងវិបត្តិជម្លោះព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេច កែសម្រួលយន្តការអនុវត្ត និងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួន ដើម្បីធានាឱ្យបាននូវការបន្តទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន

ពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះផងដែរ។ ទាំងនេះ ស្ដែងឱ្យឃើញច្បាស់ពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និង ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖