ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិ យុវជនយុវនារី ក្នុងរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ ទី២៩ ខែតុលា ទើបបញ្ចប់ការប្រកួត ។ នេះបើតាមការឲ្យដឹងពីលោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដែលសហព័ន្ធរៀបចំការប្រកួតកីឡាវាយកូនបាល់ កម្រិតយុវជនអាយុក្រោម១៨ឆ្នាំ ដើម្បីរំលឹកដល់ លោក ទេព ឃុនណា ឪពុករបស់ខ្លួន គឺជាកីឡាវាយកូនបាល់កម្ពុជា ។
លោក បាននិយាយថា មូលហេតុដែលនាំឲ្យសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនយុវនារី ជំនួសព្រឹត្តិការណ៍ អាយ ធី អេស មេនហ្វូឆ័រ (ITF Men’s Futures) ដែលតែងតែរៀងចំរាល់ឆ្នាំនោះ ព្រោះសហព័ន្ធចង់ផ្លាស់ប្តូរ ដោយផ្តោតអារម្មណ៍មកលើក្រុមយុវជន យុវនារីជំនួសវិញ ដោយសារពួកគេគឺកីឡាករ កីឡាការិនីថ្នាលដ៏សំខាន់ ស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍កីឡារបស់ក្រសួងអប់រំយុវជន និងកីឡា ឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការប្រកួតនេះ ធ្វើឡើងស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ ITF Men’s Futures ដែរគឺមានកីឡាករ កីឡាការីនី ចូលរួមប្រកួតប្រជែងមកពីជាងប្រទេស២០ នៅជុំវិញពិភពលោក, ក្នុងនោះកីឡាករ កីឡាការិនី ភាគច្រើនមកពីតំបន់អាស៊ីអាគ្នេយ៍ រួមមាន ថៃ, ភីលីពីន, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, សឹង្ហបុរី, ចិនតៃវ៉ាន់, ចិន, ហុងកុង, ម៉ាកាវ, ជប៉ុន, កូរ៉េ, អាមេរិក, ស្វីសដេន, និងអូស្រ្តាលី។
លោកអគ្គលេខាធិការ សហព័ន្ធរូបនេះ បានបញ្ជាក់ថា សម្រាប់កីឡាករកីឡាការិនីដែលឈ្នះក្នុងព្រឹត្តិការណ៍គ្មានប្រាក់រង្វាន់លើកទឹកចិត្តឡើយ គឺកីឡាករ កីឡាការិនីប្រកួតប្រជែងដើម្បីទទួលបានពិន្ទុ សម្រាប់ចំណាត់ថ្នាក់យុវជនរបស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិITFតែប៉ុណ្ណោះ ។ ឆ្នាំនេះ មានពេលវេលាល្អ ក្នុងការរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិ យុវជនយុវនារីដោយសារតែសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ធ្លាប់បានបញ្ជូនក្រុមយុវជន ចេញទៅប្រកួតជាច្រើនលើកច្រើនសារម៉្យាងវិញទៀត ស្របពេលដែលយើងមានធនធានថ្នាលអាយុក្រោម១៨ឆ្នាំគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតប្រជែងជាមួយក្រុមយុវជនដទៃទៀត។
សម្រាប់ព្រឹត្តិការណ៍នេះ យើងបានត្រៀមយុវជនយុវនារីរេបស់យើងឲ្យចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា ជាលក្ខណៈមិត្តភាពអន្តរជាតិ រួមមានកីឡាករ ទេព ទីម៉ូថេ, ឈាង វណ្ណាសិទ្ធ, ឃ្លាំង ពន្លក, សែន សុផុន, ឡេង សារិនរាជ្យ និង សម ដេវីត និង កីឡាការិនី មាន ហូ ស្រីណុច និងហួរ ស្រី ៕ សារីម