ព័ត៌មានទាន់ហេតុការណ៍៖

គយកម្ពុជា-ចិន ចុះហត្ថលេខា ពន្លឿនការធ្វើពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយចិន បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ដើម្បីជួយសម្រួលដល់វិស័យធុរៈកិច្ច ពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ។

ពិធីនេះចុះហត្ថលេខានេះ បានធ្វេីឡេីងនៅរសៀលថ្ងៃទី ០៤ មិថុនា ឆ្នាំ២០២៦ ដឹកនាំរៀបចំ និងចុះហត្ថលេខាដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយលោកស្រី Sun Meijun រដ្ឋមន្ត្រី នៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយ សម្រាប់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់។

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនជា AEO ចំនួន ១១ ហើយកម្ពុជាមានគោលដៅបង្កើនក្រុមហ៊ុន AEO ឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។

ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធី AEO នាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលានិងថ្លៃដើម, ការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន, និងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ។

ចំពោះព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀត ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជានិងចិន ជាពិសេសការជំរុញសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។

ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ សាធារណរដ្ឋប្រជាមា និតចិន មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ប៉ុន្តែគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុត និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

គួរជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន គិតត្រឹមរយៈពេល ៤ខែ ឆ្នាំ២០២៦ សម្រេចបាននូវទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅចិន មានតម្លៃ ៥៨៣ លានដុល្លារ កើនឡើង ២១,៨% ចំណែកឯចិន នាំចូលមកវិញមានតម្លៃ ៦,៥៨ ពាន់លានដុល្លារ កើនឡើង ២៦,៤%៕

ដោយ៖តារា


ចែករំលែក៖