ព័ត៌មានទាន់ហេតុការណ៍៖

ងោកមួយភាំងជាន់ហ្គ៊ែរស្មានថាជាហ្វ្រាំង បុកថ្មរបាំងចែកទ្រូងផ្លូវ រងរបួសធ្ងន់តៃកុងនិងព្រូទាំង ០២នាក់ 

ចែករំលែក៖

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកទំនិញធុនធំ តៃកុងងោកមួយភាំង ភ្ញាក់ខ្លួនជាន់ហ្គែរថាជាហ្វ្រាំង បុកក្បាលថ្មរបាំងចែកទ្រូង ផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ទាំងតៃកុងនិងព្រូទាំង ០២ នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍កើតឡើងកាលវេលាម៉ោង០៤និង១០នាទីទាបភ្លឺថ្ងៃទី ០៧ខែមិថុនាឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21 ពីមុខផ្លូវបត់ចូលទីក្រុងរណបសិរីមង្គល ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត១គ្រឿងម៉ាកHYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនធ្ងន់ ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-3128 បើកបរដោយឈ្មោះ ជាន យ៉េត ភេទប្រុស អាយុ ៣៤ ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងមានអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ ពត ផល ភេទប្រុស អាយុ ២៨ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកត្រុំ ឃុំញ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយរថយន្តបើកបរមានទិសដៅពី កើតទៅលិច ( ឈូងលៀប – តាខ្មៅ) ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទៀតចេញជាច្រើនម៉ែត្រ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទាំង០២នាក់ បញ្ជូនទៅ មន្ទីរពេទ្យបង្អែកជ័យជំនះ។ ការខូចខាត៖ រថយន្តចំនួន ០១គ្រឿង (ធ្ងន់) បាក់និងដាច់ដុំដែកកាឡេខាងក្រោម -ក្បាលកាប៊ីនរថយន្តបាក់បែកគ្រឿង ម៉ាស៊ីនខ្ទេចអស់ទាំងស្រុង,ក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវចំនួន ០១ ខ្ទៀតចេញចម្ងាយ០៨ម៉ែត្រ,ផ្លាកសញ្ញាចរាចរណ៍ចំនួន ០១,ភ្លើងសញ្ញាចរាចរណ៍ចំនួន ០១។

ក្រោយផ្ទេរឥវ៉ាន់ចេញរួច រថយន្តបង្កត្រូវបានយករថយន្តស្ទូច ដឹកយកទៅរក្សាទុកនៅអង្គភាពស្ពានថ្នល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចជំនាញ បានដាក់សេចក្តីសន្និដ្ធានបឋមថា÷ មូលហេតុគឺបណ្ដាល មកពី អ្នកបើកបររថយន្ត ងោកងុយនិងបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ពេលភ្ញាក់ជួបឧបសគ្គជាន់ហ្គែរថាជាប្រាំង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង ៕


ចែករំលែក៖