ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឃាត់ ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ០១គ្រឿងប្រព្រឹត្តនៅចំណុចចំណតចាំឡានក្រុងមុខក្រុមហ៊ុនអគ្គីសនី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង០១ និង ៤៤នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លី ឡាំងហ៊ូយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៨ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។ សំភារៈបន្សល់ទុក ទូរស័ព្ទ ០២គ្រឿង ម៉ាកHonor ព៌ណផ្កាឈូក និងម៉ាកMi ព៌ណទឹកប្រាក់។
ប្រភពឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ វេលាប្រហែលម៉ោង០១ និង០៧នាទី ជនរងគ្រោះឈ្មោះ សឿន សុបញ្ញា បានបើកម៉ូតូដឹកម្ហូបឲ្យភ្ញៀវទៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រួចត្រឡប់មកវិញ ដល់ចំណុចចំណតចាំឡានក្រុង មុខក្រុមហ៊ុនអគ្គីសនី ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈប់សំរាកដោយអស់កម្លាំងជនរងគ្រោះក៏បានដាក់ខ្លួនដេកកន្លែងចាំឡានក្រុង ដោយទុកម៉ូតូនៅក្បែរខ្លួន ពុំមានចាក់សោរកនោះទេ។ លុះមួយសន្ទុះក្រោយមកក៏ភ្ញាក់ដឹងខ្លួន ឃើញថាបាត់ម៉ូតូពុំដឹងអ្នកណាលួចយកទៅបាត់ ក៏បានឡើងមកស្នាក់ការប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងតែម្តង។
ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឆែកការមេរ៉ាសុវត្ថិភាពឃើញថា នៅវេលាម៉ោង០១: ៤៤ នាទី ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៦ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចបណ្តើរម៉ូតូចេញទៅ ទើប សមត្ថកិច្ចកំណត់មុខសញ្ញាបាន ឈ្មោះ លី ឡាំងហ៊ូយ ជាអ្នកធ្វើសកម្មភាពលួចយកទៅ ។ លុះរហូតដល់ថ្ងៃទី ២២ខែមិថុនា២០២៦វេលាម៉ោង១១:៣០នាទីថ្ងៃកម្លាំង ប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានរហូតដល់ចំណុចផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ឃើញជនសង្ស័យឈ្មោះ លី ឡាំងហ៊ូយ ភេទប្រុស កំពុងអង្គុយក៏ឃាត់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។
ក្រោយសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។បច្ចុប្បន្នខ្លួនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច