ខេត្តស្ទឹងត្រែង៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិកម្ពុជារយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បានចោទសំណួរថា ប្រសិនបើនាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាចបញ្ចប់បានទេ?
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេលប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចាគ្នាដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងកិច្ចចរចាបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។
សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងថា តាមរយៈការចរចាច្រើនលើក កម្ពុជា ឈានទៅរកឃើញនូវពន្លឺនៃការបញ្ចប់ជម្លោះតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឱ្យកម្ពុជា រៀបចំការបោះឆ្នោត បង្កើតឡើងវិញនូវរាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ និងនាំមកវិញនូវរបបរាជានិយម។ អ្វីដែលកម្ពុជាសម្រេចក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានេះ មិនអាចបញ្ចប់បានទាំងស្រុងនៃសង្គ្រាម និងការបែបបាក់ជាតិនោះឡើយ ព្រោះថាក្រុមខ្មែរក្រហមនៅតែជ្រកក្នុងព្រៃ ហើយធ្វើសកម្មភាពប៉ុនប៉ងមកកាន់អំណាច។
ដើម្បីបញ្ចប់កម្លាំងខ្មែរក្រហមជ្រកក្នុងព្រៃ ដែលជាលឧបសគ្គធំក្នុងកិច្ចអភិវឌ្ឍជាតិ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ដោយចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ១៩៩៦ ផ្តើមចេញពីខេត្តកំពង់ស្ពឺ។ នយោបាយឈ្នះ-ឈ្នះ ដែលប្រៀបដូចឱសថពីឋានសួគ៌ ក៏បានព្យាបាលជំងឺបែកបាក់ជាតិរបស់កម្ពុជា ឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ផ្តើមចេញពីការបញ្ចប់សង្គ្រាមទាំងស្រុងនាឆ្នាំ១៩៩៨នោះហើយ ធ្វើឱ្យកម្ពុជា មានឱកាសពេញលេញក្នុងកិច្ចកសាងជាតិ។ ប្រសិនបើសង្គ្រាមមិនបញ្ចប់ទេ កម្ពុជា នឹងត្រូវចំណាយពេលវេលាច្រើនលើបញ្ហាសង្គ្រាម ហើយទាញទម្លាក់នូវកិច្ចអភិវឌ្ឍប្រទេស។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងថា សម្តេចពេញចិត្តនឹងអ្វីដែលសម្តេចសម្រេចបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យជាច្រើននាំនាវាកម្ពុជាមកកាន់ត្រើយនៃវឌ្ឍនភាពដូចពេលបច្ចុប្បន្ននេះ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច