ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ឡើងវិញអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ឡើងវិញអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។

លោក ប៉ែន បូណា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនសាធារណជនជ្រាបអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដូចតទៅ៖

ក្នុងនាមជាប្រទេសដែលធ្លាប់ហែលឆ្លងកាត់វិនាសកម្មនៃភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ ទម្រាំស្វែងរកបានយ៉ាងលំបាកនូវសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី និងបញ្ចៀសការប្រើប្រាស់អាវុធ តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាក់ស្តែង គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩ លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។

សំណើរនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការដាក់សំណើរជាបន្តបន្ទាប់ទៅកាន់ភាគីថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីសុឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជា និងគោលបំណងចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការទ្វេភាគី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

យោងលើកិច្ចព្រមព្រៀងនេះ កម្ពុជានៅតែបន្តជំរុញភាគីថៃឱ្យបង្ហាញសុឆន្ទៈតាមរយៈការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងតាមសំណើររបស់កម្ពុជាដោយគ្មានការពន្យារពេលទៀតឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនានានៅលើទឹកដីកម្ពុជាដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង(fait accompli) តទៅទៀត។ មានតែក្រុមការងារបច្ចេកទេសចម្រុះនៃយន្តការ JBC ទេទើបមានសមត្ថកិច្ចពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើកម្លាំងនោះឡើយ៕

ដោយ៖តារា


ចែករំលែក៖