ព័ត៌មានទាន់ហេតុការណ៍៖

៦ខែនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បណ្តុះបណ្តាលមន្រ្តីជិត១.៤០០នាក់!

ចែករំលែក៖

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ (NASLA) បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន១៩វគ្គ។ វគ្គទាំងនេះ មានសិក្ខាកាមជាមន្ត្រីរាជការស៊ីវិលនៃទីស្តីការក្រសួង និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសិក្សាសរុបចំនួន ១.៣៩៧រូប ក្នុងនោះមានស្រ្តី ៤៣១រូប។

យោងតាមរបាយការណ៍ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ វគ្គបណ្តុះបណ្តាលទាំងនោះ រួមមាន ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ, ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ, វិធីសាស្ត្រអន្តរាគមន៍អភិវឌ្ឍសមត្ថភាព, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

វគ្គក្រៅពីនេះទៀត រួមមាន ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍមូលដ្ឋាន, ការស្រាវជ្រាវបែបប្រតិបត្តិ និងការសរសេរករណីសិក្សា, សេវាសាធារណៈឆ្លើយតបទៅនឹងយេនឌ័រ ផ្សារភ្ជាប់ជាមួយថវិកាឃុំ-សង្កាត់ រួមទាំងវគ្គរំលឹកឡើងវិញស្តីពីការគ្រប់គ្រងរដ្ឋបាលសម្រាប់ក្រុមប្រឹក្សា, កិច្ចការរដ្ឋបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផលផងដែរ។

ដើម្បីធានាស្ថិរភាព និងប្រសិទ្ធភាពការងារអប់រំបណ្ដុះបណ្ដាល ក្នុងរយៈពេល៦ខែនេះដែរ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលចំនួន២វគ្គ។ វគ្គទាំងនេះ ពាក់ព័ន្ធការគ្រប់គ្រងផ្អែកលើលទ្ធផល និងកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន ដោយមានសិក្ខាកាមចូលរួមសរុប ៥២រូប ក្នុងនោះមានស្ត្រី ១០រូប។

សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ មានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

ដោយ៖ លោក សេង បូលីន


ចែករំលែក៖