ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! អ្នកជាប់ឃុំនៅ ម១ ទទួលសេវាអត្តសញ្ញាណប័ណ្ណ ! 

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់មន្ត្រី ក្រុមគ្រួសារមន្ត្រី និងជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ ។

សូមបញ្ជាក់ថា ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោល ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញទទួលស្វាគមន៍ និងផ្ដល់កិច្ចសហការ ជាមួយលោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋាន និងក្រុមការងារ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចុះធ្វើអត្តសញ្ញាណបណ្ណថ្មីជូនមន្រ្តី និងក្រុមគ្រួសារ ក៏ដូចជាជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ដែលមិនធ្លាប់មាន អ្នកបានបាត់ និងអ្នកផុតសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងរយៈពេលមួយថ្ងៃនេះ ក្រុមការងារបច្ចេកទេស បានថតរូប និងបញ្ចូលព័ត៌មាន ទៅក្នុងប្រព័ន្ធទិន្នន័យរបស់អត្តសញ្ញាណកម្ម បានចំនួន ២៤០នាក់ ក្នុងចំណោមជនជាប់ឃុំជាង ១០០០ នាក់ ។

សូមបញ្ជាក់ទៀតថា ៖ នាពេលកន្លងមកក្រុមការងារក៏បានចុះមកពិនិត្យផ្ទៀងផ្ទាត់ក្រយ៉ៅដៃជនជាប់ឃុំ ជាមួយនឹងទិន្នន័យជាក់លាក់ ងាយស្រួលដល់ដំណើរការនីតិវិធីចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

គោលបំណងក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនជនជាប់ឃុំនេះគឺដើម្បីពង្រីកលទ្ធភាពឱ្យជនជាប់ឃុំមានឯកសារផ្លូវច្បាប់កំណត់អត្តសញ្ញាណច្បាស់លាស់ អាចយកទៅប្រើប្រាស់សម្រួលដល់ការរស់នៅ ប្រកបមុខរបរ ឬវិជ្ជាជីវៈស្របច្បាប់ពេញលេញ ឈានទៅកាត់បន្ថយការប្រព្រឹត្តបទល្មើសជាថ្មី។ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១ ៕

រូបភាព ៖ មណ្ឌលអប់រំកែប្រែទី១


ចែករំលែក៖