ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ចិនបន្ធូរបន្ថយចំពោះហ្វុីលីពីនក្រោយពេលមានទំនាក់ទំនងល្អប្រសើរនឹងគ្នាវិញ

ចែករំលែក៖

នាវានេសាទនាវាយាមល្បាតរបស់ចិនមិនមានវត្តមាននៅជិតប្រជុំកោះលិចទឹក Scarborough ស្ថិតនៅតំបន់សមុទ្រចិនភាគ ខាងត្បូងទៀតទេ ហើយនាវាហ្វុីលីពីនក្នុងនោះមានកប៉ាល់នេសាទផងអាចនឹងវិលត្រឡប់ទៅទីតាំងខាងលើបានដូចដើមវិញ។ ក្រសួងការពារជាតិហ្វុីលីពីនបាន បញ្ជាក់កាលពីថ្ងៃទី២៨ ខែតុលាថា សកម្មភាពរបស់ទីក្រុងប៉េកាំងគឺជារឿងមួយគួរ ឲ្យអបអរសាទរ។

ពលរដ្ឋហ្វុីលីពីនជាលើកទីមួយក្នុងរយៈ ពេល៤ឆ្នាំកន្លងមកនេះបានចូលទៅកៀកប្រជុំកោះ Scarborough ដោយមិនមានការ រារាំងពីភាគីចិន។ នេះគឺជាការចាប់ផ្តើមផ្លាស់ ប្តូរទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេស ហ្វុីលីពីននឹងចិនក្រោយពេលប្រឈមមុខដាក់គ្នាជាច្រើនគ្នានៅលើបញ្ហាសមុទ្រចិនភាគខាងត្បូង។

ការដែលនាវាចិនបានចាកចេញពីកំពង់ ផែ Scarborough គឺកើតឡើងពេលដែលប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយ ទែរតេ ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានស្នើដល់ចិនឲ្យបញ្ចប់ការ ឡោមព័ទ្ធប្រជុំកោះនោះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វុីលីពីន បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយ នេះមិនមានវត្តមានរបស់នាវានេសាទ និងនាវាយាមល្បាតរបស់ចិននៅប្រជុំកោះ Scarborough ទៀតឡើយ។ ការដែលនាវា ចិនចាកចេញពីទីនោះមានន័យថា ប្រជានេសាទហ្វុីលីពីនចាប់ផ្តើមធ្វើសកម្មភាពនេសាទនៅទីនោះបានដូចដើមវិញ។

ប៉ុន្តែមានព័ត៌មានផ្ទុយទៅនឹងអ្វីដែល រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបានប្រកាសនាពេលកន្លងមកដោយបានបញ្ជាក់ថា នាវារបស់ចិនស្ថិតនៅទីនោះដដែល។

បើទោះបីប្រជុំកោះ Scarborough មានកោះដែលមើលឃើញមានប៉ុន្មានកោះ ប៉ុណ្ណោះ ប៉ុន្តែមានកោះលិចទិកជាច្រើននៅ ទីនោះ។ប្រជុំកោះទាំងនោះមានចម្ងាយពីដីគោក២៣០គីឡូម៉ែត្រ។ ការចាកចេញ របស់ចិននោះគឺជាតំណាងនៃការខិតខំរបស់ ទីក្រុងម៉ានីលដើម្បីការពារដែនអធិបតេយ្យ ភាពរបស់ខ្លួននៅទីនោះ។

សកម្មភាពរបស់ចិនគឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រធាធានាធិបតីហ្វុីលីពីនដែលបានប្រកាសបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់លោក ដើម្បីបំពេញតាមតម្រូវការរបស់ចិន និងដើម្បីទទួលបានផលប្រយោជន៍ជាច្រើនពីចិន។ ទាំងនោះជាលទ្ធផលដែលប្រធានាធិបតីហ្វុីលីពីនទទួលបានពីចិនគឺកម្លាំងទាហានយាមល្បាតរបស់ចិនបានចាកចេញពីប្រជុំកោះរបស់ហ្វុីលីពីនដែលមានវិវាទ។

នៅពេលដែលលោក ឌុយទែរតេ បំពេញ ទស្សនកិច្ចនៅប្រទេសជប៉ុន លោកក៏បានថ្កោលទោសដល់អាមេរិកផងដែរដោយលោកបញ្ជាក់ថា «ពួកអាមេរិកសុទ្ធតែឆ្កូត» នេះជាសេចក្តីប្រកាសរបស់លោក ឌុយ ទែរតេ មុនពេលឡើងយន្តហោះទៅកាន់ប្រទេសជប៉ុន និងបានឆ្លៀតវាយបកទៅលើការរិះគន់របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃចន្ទដោយប្រកាស បណ្តេញអ្នកវិនិយោគបរទេសណាដែលព្រួយបារម្ភនឹងសេចក្តីថ្លែងការណ៍ដ៏ចម្រូង ចម្រាសរបស់លោក ឌុយទែរតេ ឱ្យចាកចេញ តែម្តងពីហ្វុីលីពីន។ ជាងនេះទៅទៀតលោក ប្រធានាធិបតីហ្វុីលីពីនបានបង្ហាញកំហឹងជាថ្មីប្រឆាំងនឹងការរិះគន់របស់អាមេរិកនិងអឺរ៉ុបលើនយោបាយប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មគ្រឿងញៀនដោយលោកស្រែកជេរអាមេរិកជាថ្មីថា ហ្វុីលីពីនមិនមែនជាឆ្កែរបស់នរណាទេ។ នៅពេលដល់ក្រុងតូក្យូក្នុងឱកាសជួបជាមួយសហគមន៍ហ្វុីលីពីន និងក្នុងវេទិកាសេដ្ឋកិច្ចលោក ឌុយទែរតេ បានជំទាលជេរអាមេរិកគ្មានសំចៃមាត់ និងបានគំរាមឱ្យអាមេរិកដកទ័ពចេញពីទឹកដីហ្វុីលីពីនឱ្យអស់ក្នុងរយៈពេលពីរឆ្នាំ។

ពាក្យសម្តីដ៏អសុរោះប្រឆាំងនឹងអាមេរិក របស់លោក ឌុយទែរតេ បានធ្វើឱ្យម្ចាស់ ផ្ទះរំខានចិត្តយ៉ាងខ្លាំង ព្រោះជប៉ុនជាសម្ពន្ធ មិត្តដ៏មានភក្តីភាពបំផុតចំពោះអាមេរិក។ តែប្រធានាធិបតីមាត់ដាចមួយនេះចេះលួង ចិត្តដោយបានកោតសរសើរជប៉ុនថា ជា ប្រទេសចិត្តល្អជួយសាងសង់ស្ពានថ្នល់ វាលយន្តហោះឱ្យហ្វុីលីពីន និងធានាអះអាង ប្រាប់តូក្យូកុំឲ្យព្រួយបារម្ភរឿងហ្វុីលីពីនងាក ទៅរកចិន ព្រោះម៉ានីលគ្មានគម្រោងចងសម្ពន្ធភាពយោធាជាមួយប៉េកាំងទេ។

ប៉ុន្តែការងាករេរបស់ហ្វុីលីពីនបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិកដែលធ្វើឲ្យបាត់បង់ទីតាំងដ៏សំខាន់បំផុតរបស់ខ្លួននៅតំបន់អាស៊ាន។ លោក Daniel Russel បានអញ្ជើញទៅកាន់ប្រទេសហ្វុីលីពីន និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនិងការបរទេសហ្វុីលីពីនកាលពីថ្ងៃ ចន្ទមុននេះ។

កាលពីពីរបីថ្ងៃមុន លោក ឌុយទែរតេ បានប្រកាសកាត់ផ្តាច់សម្ពន្ធមេត្រីភាពជាមួយសហរដ្ឋអាមេរិក ពីទីក្រុងប៉េកាំងដោយ សម្រេចងាកទៅរកចិនវិញ។ ព្រោះសំអាង ថា លោកជាអ្នកសង្គមនិយមមាននិន្នាការជិតស្និទ្ធនឹងពួកកុម្មុយនិស្តចង់ដកខ្លួនឱ្យឆ្ងាយពីអាមេរិកដើម្បីខិតទៅជិតចិន និង រុស្ស៊ីវិញ។

ប៉ុន្តែពេលមកដល់ផ្ទះវិញលោកបែរជាសុំដកពាក្យដោយធានាអះអាងលោកមិនដែលចង់ឃើញសម្ពន្ធភាពចំណាស់៧០ឆ្នាំជាមួយអាមេរិកត្រូវបែកបាក់ឡើយ។ បើ ដូច្នេះមែនតើហេតុអ្វីបានជាលោក ឌុយទែរ តេ ចេះតែប្រឹងសម្ញែងកាយវិការនិងពាក្យសម្តីប្រឆាំងនឹងអាមេរិកម្លេ៉ះ?

សម្រាប់លោកអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកសេចក្តីប្រកាសនិងការធ្វើអត្ថាធិ ប្បាយបញ្ច្រាសបណ្តោយគ្នាយ៉ាងដូច្នេះ គឺពិតបង្កបង្កើតបរិបទមិនច្បាស់លាស់ប្រទេស ផ្សេងទៀតជាច្រើនសុទ្ធតែហួសចិត្តគ្មាន វាចានឹងថ្លែងឡើយ និងលែងយល់ពីជំហរ របស់ហ្វុីលីពីន។ នរណាក៏យល់ដូច្នេះដែរ មិនថា អាមេរិករដ្ឋាភិបាលប្រជាពលរដ្ឋហ្វុីលីពីនខ្លួនឯងឬសហគមន៍ហ្វីលីពីនរស់នៅក្រៅប្រទេសឡើយ។ នេះគឺមិនមែនជានិន្នាការវិជ្ជមានឡើយ។

លោក រ៉ូសែល បានបញ្ជាក់ជាថ្មីប្រាប់ប្រមុខការទូតហ្វុីលីពីនអំពីការព្រួយបារម្ភ របស់អាមេរិកចំពោះសង្គ្រាមប្រឆាំងនឹង ឧក្រិដ្ឋកម្មគ្រឿងញៀនរបស់លោក ឌុយទែរ តេ និងបានព្រមានថាអាមេរិកផ្តល់តម្លៃឱ្យតែរដ្ឋមានច្បាប់ ព្រោះការគោរពសិទ្ធិពល រដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ ប្រជាជន។

លោក ឌុយទែរតេ តែងច្រឡោតខឹងជាញយដងប្រឆាំងនឹងការរិះគន់របស់អាមេរិក រហូតដល់ថ្នាក់ជេរលោក អូបាម៉ា ថា ជាកូនស្រីសំផឹង ហើយបានប្រកាសងាកទៅឈរខាងចិននិងរុស្ស៊ី តែកាលពីថ្ងៃចន្ទមុននេះរដ្ឋាភិបាលហ្វុីលីពីនសុខចិត្តព្រម ទទួលយន្តហោះជជុះអាមេរិកប្រភេទ C-130 ដែលហ្វុីលីពីនបានព្រមព្រៀងទិញក្នុងក្រប ខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី៕សាធី

China Philippines

China Philippines


ចែករំលែក៖