ប្រទេសថៃ ៖ វាជារឿងគួរឱ្យកត់សម្គាល់យ៉ាងខ្លាំងបន្ទាប់ពីគេសង្កេតឃើញថា ប្រជាពលរដ្ឋថៃស្ទើរតែទាំងអស់បង្ហាញទុក្ខក្រៀមក្រំចំពោះការបាត់បង់ព្រះរាជាដែល ខ្លួនស្ទើរតែមិនធ្លាប់បានជួបផ្ទាល់ទាល់តែសោះក្នុងមួយជីវិតរបស់ពួកគេ។ មនុស្ស ជាច្រើនបង្ហាញការព្រួយបារម្ភថា ការបាត់ បង់វីរជនរបស់ជាតិមួយរូបដែលធ្លាប់ដើរ តួនាទីក្នុងការបង្រួមបង្រួមប្រទេសជាតិ ដែលធ្លាប់មានប្រវត្តិបែកបាក់កន្លងមកអាចបង្កជាការគំរាមកំហែងបង្កើតជាអស្ថិរភាព ក្នុងប្រទេសថៃនាពេលអនាគត ។
ដើម្បីបង្ហាញការគោរពចំពោះព្រះរាជា ដែលបានសោយរាជ្យសម្បត្តិអស់រយៈពេល ៧០ឆ្នាំកន្លងមកនេះរដ្ឋាភិបាលថៃបានដាក់ ចេញវិធានការជាច្រើនក្នុងឱកាសនៃការកាន់មរណទុក្ខចំពោះទ្រង់ក្នុងនោះមាន ដូចជា៖
ប្រព័ន្ធផ្សព្វផ្សាយ៖
រាល់កម្មវិធីក្នុងទូរទស្សន៍ត្រូវបានជំនួស ដោយឯកសារព្រះរាជជីវប្រវត្តិរបស់ព្រះមហាក្សត្រ ហើយកម្មវិធីកម្សាន្តនានាត្រូវបានផ្លាស់ប្តូរទៅជាសារលើកតម្កើងទ្រង់វិញ។ ចំណែកគេហទំព័រនានាត្រូវបានប្តូរពណ៌ទៅជាខ្មៅនិងស ។ ជាក់ស្តែងដូចជា គេហទំព័រ Bang- kok Post ជាដើម ។ មិនតែប៉ុណ្ណោះសូម្បីស្ថានីយផ្កាយរណបរបស់បរទេសដែលផ្សព្វផ្សាយក្នុងប្រទេសថៃដូចជា BBC និង CNN ក៏ត្រូវបានប្តូរទៅជា ពណ៌ស និងខ្មៅដែរ ។
សារព័ត៌មាន Bloomberg បានធ្វើ សេចក្តីរាយការណ៍ថា រាល់កម្មវិធីកម្សាន្ត ក្នុងប្រទេសថៃត្រូវបានហាមឃាត់រយៈ ពេលមួយខែ ព្រមទាំងបានព្រមានដល់ គ្រប់ស្ថានីយទូរទស្សន៍ និងវិទ្យុធ្វើយ៉ាងណាអនុវត្តតាមពិធីការរបស់ព្រះរាជវាំង។ រីឯសភាថៃបានស្នើក្រុមហ៊ុន Google និង Youtube លុបចោលរាល់ព័ត៌មានទាំង ឡាយដែលបង្ហាញពីការប្រមាថចំពោះព្រះ មហាក្សត្រ ។
សេវាកម្មសាធារណៈ៖
នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមានការស្នើដល់ភ្ញៀវរបស់ខ្លួនធ្វើយ៉ាងណា បង្ហាញការគោរពចំពោះកម្មវិធីកាន់មរណទុក្ខ ។ ចំណែកកម្មវិធីកម្សាន្តនៅខាងក្រៅ ដូចជា រោងកុន ក្លិបរាត្រី រោងមហោស្រព បានប្រកាសថាបានបិទទ្វារឬដំណើរការដោយកាត់បន្ថយម៉ោង ។ សម្រាប់កន្លែង ការងារ សាលារៀន និងកន្លែងសេវាកម្ម សាធារណៈដូចជា ធនាគារ ការិយាល័យ រដ្ឋាភិបាលត្រូវបានបើកដំណើរការវិញស្ទើរ ដូចធម្មតា ។
ព្រឹត្តិការណ៍នានា៖
ដោយយោងតាមវិធានការទប់ស្កាត់ ការកម្សាន្តសប្បាយនានាក្នុងអំឡុងនៃការ កាន់មរណទុក្ខ ហេតុនេះព្រឹត្តិការណ៍កីឡាដែលមានដូចជាការប្រកួតបាល់ទាត់ ឬ កីឡាប្រដាល់ជាដើមត្រូវផ្អាកឬលុបចោលរយៈពេល៣០ថ្ងៃ។ ព្រឹត្តិការណ៍មួយចំនួនផ្សេងទៀតដូចជា ពិធីជប់លៀងពេលរាត្រីប្រចាំខែនៅកោះ Kon Pha Ngan ដែលទាំង នេះសុទ្ធតែជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានលុបចោល។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍ ផ្សេងៗដែលនឹងចូលមកដល់ក្នុងពេល ឆាប់ៗខាងមុខដូចជា ការប្រគំតន្រ្តី Morrissey និងខួបលើកទី៥០នៃទិវាទេស ចរណ៍ពិភពលោកក៏ត្រូវបានលុបចោល ផងដែរ ។
កន្លែងកម្សាន្តនៅពេលរាត្រី៖
នៅក្នុងឱកាសនៃការកាន់មរណទុក្ខ នៅតាមដងផ្លូវមួយក្នុងប្រទេសថៃដែល ប្រមូលផ្តុំដោយក្លិបរាត្រីប្រមាណជា៤០ កន្លែងធ្លាប់តែមានសភាពអ៊ូអរពោរពេញ ដោយស្ត្រីជាជនជាតិថៃ និងបុរសបរទេស បែរជាមានភាពស្ងប់ស្ងាត់ និងងងឹតសូន្យ ភ្លើងពណ៌ទាក់ទាញទាំងអស់ស្ទើរតែគ្មាន។ រាល់កន្លែងកម្សាន្តទាំងអស់ដែលត្រូវបានហាមឃាត់មិនឲ្យលក់ជាតិអាល់កុលកាលពីចុងសប្តាហ៍កន្លងទៅបានចាប់ផ្តើមលក់សាជាថ្មីកាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ។
ចំពោះកម្មវិធីកម្សាន្តនៅតាមមហាវិថីនានាក៏ត្រូវបានស្នើឱ្យធ្វើយ៉ាងណារក្សាការគោរពចំពោះព្រះមហាក្សត្រ ព្រមទាំងមិន ត្រូវបានអនុញ្ញាតឱ្យប្រគំតន្រី្តឮនោះឡើយ។
រដ្ឋាភិបាលបានស្នើធ្វើកិច្ចសហប្រតិបត្តិ ការជាមួយបណ្តាកន្លែងកម្សាន្តតាមដងផ្លូវដូចជា បារ ឬក្លិបរាត្រីដើម្បីសម្រេចថា តើគួរបើកដំណើរការឬទេក្នុងអំឡុងនៃការ កាន់មរណទុក្ខនេះ?
វិស័យការងារ៖
បុគ្គលិកភាគច្រើនមានការបារម្ភខ្លាចបាត់បង់ប្រាក់បៀវត្សរ៍របស់ខ្លួនបន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍កំពុងមានការធ្លាក់ចុះបើ ទោះបីជាអ្នកជំនាញភាគច្រើនគិតថា ផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ថៃមិនមានទំហំធំធេងពេកនោះក្តី ។ ឧទាហរណ៍ ក្រុមហ៊ុន V8 Diner ដែលមានទីតាំងស្ថិត នៅទីក្រុងបាងកកដែលបានបិទទ្វាររយៈពេលពីរថ្ងៃបានខាតបង់ទឹកប្រាក់ប្រមាណ ២.៨០០ដុល្លារ ។
ចំពោះអ្នកប្រកបអាជីពជាអ្នកបម្រើផ្លូវភេទ អ្នករាំ និងអ្នកបម្រើការសប្បាយភាគច្រើនបានធ្វើដំណើរត្រឡប់ទៅស្រុក កំណើតវិញដោយរង់ចាំដល់ពេលបញ្ចប់ ការកាន់មរណទុក្ខទើបត្រឡប់មកវិញ។ យ៉ាងនេះក្តីស្ត្រីរកស៊ីផ្លូវភេទម្នាក់បាន បញ្ជាក់ថា ប្រាក់ចំណូលរបស់នាងបាន កើនឡើងទ្វេដងរហូតដល់២០០ដុល្លារ ក្នុងមួយថ្ងៃដោយសារបុរសជាច្រើនគ្មាន កន្លែងដែលត្រូវទៅ។
ការស្លៀកពាក់៖
ក្នុងអំឡុងនៃដំណាក់កាលកាន់មរណទុក្ខប្រជាពលរដ្ឋថៃតម្រូវឱ្យស្លៀកពាក់ ពណ៌ខ្មៅស ឬពណ៌ក្រមៅ (ចំពោះបុគ្គលិក រដ្ឋ និងញាតិវង្សស្តេចត្រូវស្លៀកពាក់ខ្មៅ ពេញមួយឆ្នាំ)។ សូម្បីស្ត្រីបម្រើផ្លូវភេទមួយចំនួនត្រូវបានស្នើឲ្យស្លៀកពាក់ខ្មៅដើម្បី បង្ហាញការគោរពចំពោះព្រះរាជាបន្ទាប់ពីមាននាយករដ្ឋមន្ត្រីស្នើឲ្យធ្វើបែបនេះ។
យ៉ាងនេះក្តីសម្រាប់អ្នកធ្វើដំណើរ ឬ ជនបរទេសមិនតម្រូវឱ្យស្លៀកពាក់ខ្មៅនោះទេគឺគ្រាន់តែបង្ហាញការគោរពគឺគ្រប់ គ្រាន់ហើយ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានដាក់សំណើថា បើសិនជាអាចធ្វើបានភ្ញៀវទេសចរមិនគួរស្លៀកពាក់ឆើតឆាយពេកឡើយ សូមបង្ហាញការគោរពនៅពេលដើរលេងនៅតាមទីសាធារណៈ។ ចំណែកនៅរមណីយដ្ឋាននៅតាមឆ្នេរ ដែលជាគោលដៅទេសចរណ៍ក្នុងប្រទេសថៃនៅតែបន្តបើកទ្វារដូចធម្មតា ប៉ុន្តែមិន អនុញ្ញាតឲ្យមានពិធីជប់លៀងនៅតាមឆ្នេរឡើយ ។
សូមជម្រាបថា ការកាន់មរណទុក្ខ ចំពោះការបាត់បង់ព្រះមហាក្សត្រថៃធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យឧស្សាហកម្មទេសចរណ៍ខ្លាំងជាងគេដោយសារតែ សេវាកម្មកម្សាន្តសប្បាយមួយចំនួនត្រូវ បានផ្អាកដំណើរការ ៕