ភ្នំពេញ ៖ ស្រ្តីខ្មែររងគ្រោះ៥នាក់ពី ប្រទេសវៀតណាម និងស្រ្តីខ្មែររងគ្រោះ ម្នាក់ពីប្រទេសចិនត្រូវបានស្ថានទូតជួយ សង្គ្រោះឱ្យវិលត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ ឲ្យដឹងថា ស្រ្តីខ្មែររងគ្រោះ៥នាក់ពីប្រទេស វៀតណាមត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសវៀតណាមជួយសង្គ្រោះបញ្ជូនមកកាន់ប្រទេសកម្ពុជាដោយសុវត្ថិភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
ចំណែកស្រ្តីខ្មែររងគ្រោះម្នាក់នៅប្រទេស ចិនត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិនជួយសង្រ្គោះពីប្រទេសចិនមកកម្ពុជា ដោយសុវត្ថិភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានឲ្យ ដឹងថា៖
១-ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសវៀតណាមបានសហការជាមួយ ក្រសួងនគរបាលវៀតណាមជួយសង្គ្រោះ នារីខ្មែររងគ្រោះចំនួន៥នាក់ មានឈ្មោះដូច ខាងក្រោម ដែលត្រូវបានមេខ្យល់ជួញដូរ យកទៅរៀបការជាមួយបុរសជនជាតិចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាមឲ្យ បានត្រឡប់មកកម្ពុជាវិញ៖
-នារីឈ្មោះ ល.ស.ម. អាយុ១៦ឆ្នាំ មាន ស្រុកកំណើតនៅខេត្តព្រៃវែង (មេខ្យល់ សន្យាផ្តល់ប្រាក់៨៤០ដុល្លារអាមេរិក តែពុំ បានទទួលទេ)។
-នារីឈ្មោះ ដ.រ. អាយុ៣២ឆ្នាំ មាន ស្រុកកំណើតនៅខេត្តព្រៃវែង (មេខ្យល់ សន្យាផ្តល់ប្រាក់១០០០ដុល្លារអាមេរិក តែ ពុំបានទទួលទេ)។
-នារីឈ្មោះ គ.ហ. អាយុ៣២ឆ្នាំ មាន ស្រុកកំណើតនៅខេត្តកំពង់ចាម (មេខ្យល់ សន្យាផ្តល់ប្រាក់១៥០០ដុល្លារអាមេរិក តែ ទទួលបានតែ២០០ដុល្លារ)។
-នារីឈ្មោះ ស.ធ. អាយុ១៦ឆ្នាំ។
-នារីឈ្មោះ ឈ.រ អាយុ១៧ឆ្នាំ ។
នារីខ្មែររងគ្រោះទាំង៥នាក់បានធ្វើ ដំណើរពីកម្ពុជាទៅដល់ប្រទេសវៀតណាម តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយ ត្រូវបានមេខ្យល់បញ្ជូនបន្តទៅកាន់ប្រទេស ចិនដោយធ្វើដំណើរតាមទូក ប៉ុន្តែត្រូវបាន បូ៉លិសចិន និងនគរបាលព្រំដែនវៀតណាម ទប់ស្កាត់ ។ បន្ទាប់ពីទទួលបានព័ត៌មាន នេះ ស្ថានទូតកម្ពុជាក៏បានសម្របសម្រួល ជាមួយអាជ្ញាធរវៀតណាមបញ្ជូននារីរង គ្រោះមកទីក្រុងហាណូយនៅថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៦ ។
នារីខ្មែរទាំង៥នាក់បានស្នាក់នៅនិង ទទួលបានការគាំពារពីអង្គការអន្តរជាតិ នាគខៀវរបស់វៀតណាមមួយរយៈដើម្បី សហការជាមួយនគរបាលវៀតណាមក្នុង ការស្រាវជ្រាវរកមេខ្យល់មកផ្តន្ទាទោស ។
ក្រោមការរៀបចំរបស់ស្ថានទូតកម្ពុជា នារីទាំង៥នាក់ខាងលើបានធ្វើដំណើរពី ទីក្រុងហាណូយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦តាមជើងយន្តហោះលេខVN7271 និងបានទៅដល់ទីក្រុងហូជីមីញនៅម៉ោង ១១និង២៥នាទី ។ បន្ទាប់មកមន្ត្រីស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ បានជូនដំណើរនារីរងគ្រោះតាមរថយន្ត ទៅដល់ច្រកទ្វារអន្តរជាតិបាវិតនៅវេលា ម៉ោង៣រសៀលថ្ងៃដដែល ហើយបាន ប្រគល់ជូនអាជ្ញាធរកម្ពុជាបន្តជូនដំណើរ មករាជធានីភ្នំពេញ ។
២-ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ក្វាងចូវ ប្រទេសចិន បានសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចចិនជួយសង្គ្រោះ នារីខ្មែរឈ្មោះ ខ.ទ. អាយុ២៤ឆ្នាំ មាន ស្រុកកំណើតនៅខេត្តស្វាយរៀងឲ្យបាន ត្រឡប់មកកម្ពុជាវិញ ។ នារីរងគ្រោះត្រូវ បានបុរសជនជាតិចិនម្នាក់នាំទៅប្រទេស ចិនកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដោយបានលួងលោមថា នាំទៅដើរលេង និងណែនាំឲ្យឪពុកម្តាយនៅប្រទេសចិន ស្គាល់មុនចូលស្តីដណ្តឹងតាមច្បាប់។
នារីរងគ្រោះបានមកដល់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៥និង ២០នាទីតាមជើងយន្តហោះលេខ K6669 ៕ ហេង សូរិយា