ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិឃើញបុរសម្នាក់យួរសាំង២កាន ចាក់សោទ្វារដុតផ្ទះនិងដុតខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានបុរសម្នាក់បានធ្វើអត្តឃាតដោយដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ បណ្តាលឲ្យបុរសនោះស្លាប់ ផ្ទះក៏ឆេះស្ទើរទាំងស្រុង ដោយសារ វិបត្តផ្លូវចិត្ត ។ ជនបង្កឈ្មោះ វន ធន់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពឲ្យដឹងទៀតថា នៅម៉ោងជាង៨ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ គេបានឃើញឈ្មោះ វន ធន់ យកសាំង២កានដើរចូលក្នុងផ្ទះខ្លួនឯង ហើយចាក់សោផ្ទះពីខាងក្នុង រួចធ្វើសកម្មភាពដុតផ្ទះ បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ និងស្លាប់ខ្លួនឯងនៅក្នុងភ្លើងនោះតែម្តង ។

បន្ទាប់ពីមានហេតុនេះកើតឡើង គេបានឃើញកម្លាំងសមត្ថកិច្ចនគរបាលស្រុកមេមត់ ដោយមានរថយន្តពន្លត់អគ្គិភ័យ ចុះទៅអន្តរាគមន៍ពន្លត់ភ្លាមៗដែរ និងបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៅផ្ទះអ្នកដទៃទេ ។ ចំណែកផ្ទះរបស់ជនបង្ក គឺឆេះស្ទើរទាំងស្រុង ដែលបុរសនោះស្លាប់ក្នុងអណ្តាតភ្លើង មិនអាចជួយសង្គ្រោះបាន ។

ករណីបុរសដុតផ្ទះឆេះ ដុតខ្លួនឯងនេះ នៅមិនទាន់មានព័ត៌មានផ្លូវការណ៍ បណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដឡើយ បានជាបុរសនោះដុតផ្ទះ និងដុតខ្លួនឯង ។ គ្រាន់ តែជាព័ត៌មានបឋមថា បុរសនោះមានវិបត្តផ្លូវចិត្ត ៕


ចែករំលែក៖