សារព័ត៌មាន Reuters បានផ្សាយថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលស្រីលង្កា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ថា រដ្ឋាភិបាលបានរៀបចំឱ្យមានការដឹកជញ្ជូនទឹក ទៅផ្គត់ផ្គង់ប្រជាជនសរុបជិត ៧២ ០០០នាក់ នៅទូទាំងខេត្តចំនួន៧ ខណៈប្រទេសអាស៉ីខាងត្បូងមួយនេះ កំពុងប្រឈមនឹងគ្រោះរាំងស្ងួត ដែលពាក់ព័ន្ធជាមួយបាតុភូត El Niño ដ៏ធ្ងន់ធ្ងរនៅឆ្នាំនេះ។
El Niño គឺជាលំនាំអាកាសធាតុដែលកើតឡើងដោយធម្មជាតិ ហើយឥទ្ធិពលរបស់វាមានភាពខុសគ្នាទៅតាមតំបន់។ វាអាចបង្កឱ្យមានទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ ហើយអាចធ្វើឱ្យផលប៉ះពាល់នៃការកើនឡើងកម្ដៅផែនដី កាន់តែធ្ងន់ធ្ងរ។ រដ្ឋាភិបាលស្រីលង្កា បាននិយាយថា ផលប៉ះពាល់នៅឆ្នាំនេះ អាចជាផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយកម្រិតទឹកតាមអាងស្តុកទឹកតូចៗរាប់រយកន្លែងនៅទូទាំងប្រទេស បានធ្លាក់ចុះមកនៅត្រឹមប្រហែល ១០ភាគរយប៉ុណ្ណោះ។ ក្រៅពីធ្វើឱ្យបរិមាណទឹកសម្រាប់ទទួលទានមានការថយចុះ ដំណាំដូចជា ដូងនិងបន្លែ ក៏កំពុងរងផលប៉ះពាល់ដោយសារបញ្ហាកង្វះទឹក ផងដែរ។
រដ្ឋាភិបាលស្រីលង្កា បានបែងចែកថវិកាចំនួន ៤,៨ ពាន់លានរូពីស្រីលង្កា ស្មើនឹងប្រហែល ១៤លានដុល្លារ ពីកញ្ចប់ថវិកាជាតិ សម្រាប់ការចែកចាយទឹកដល់ប្រជាជន។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Dammika Patabendi បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលធ្លាប់រំពឹងថា បាតុភូត El Niño នឹងឈានដល់កម្រិតកំពូលរបស់វា ប្រហែលជានៅខែវិច្ឆិកា ប៉ុន្តែពេលនេះជឿថា វាអាចឈានដល់កម្រិតកំពូល លឿនជាងការរំពឹងទុក។ លោកបាននិយាយថា បន្ទាប់ពីខែកញ្ញា ខ្យល់មូសុងនៅចុងឆ្នាំ គួរតែនាំមកនូវភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែគ្រោះរាំងស្ងួត ក៏អាចត្រឡប់មកវិញ ផងដែរនៅដើមឆ្នាំក្រោយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច