ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង កិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារជំនាញ រួមមានលោក អ៊ុ សុខ អនុប្រធាន គ.ជ.គ.ម. និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់ដីនៅក្នុងស្រុកត្បូងឃ្មុំ។
តាមទិន្នន័យបឋម ជំនន់ទឹកភ្លៀងនេះបានវាយប្រហារលើស្រុកចំនួនពីរគឺ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ (សរុប ៧ឃុំ) បង្កផលប៉ះពាល់ដល់ពលរដ្ឋ ៥៩៦គ្រួសារ ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ ៥២៦គ្រួសារ និងសត្វពាហនៈ ៧០២ក្បាល ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៥កន្លែង (ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់) ព្រមទាំងបណ្តាលឱ្យខូចខាតដំណាំកសិកម្មមួយចំនួនផងដែរ។
ក្នុងបេសកកម្មត្រួតពិនិត្យនេះ លោក គីម វីរៈ បានយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹកពីគ្រោះធម្មជាតិ ដោយបានប្រគល់ភារកិច្ចជូនលេខាធិការដ្ឋាន គ.ជ.គ.ម. ខេត្ត រដ្ឋបាលស្រុក ឃុំ និងមន្ទីរជំនាញ រៀបចំប្រព័ន្ធទឹកស្អាត ស៊ីទែនទឹក បង្គន់អនាម័យ និងភ្លើងសូឡាបំភ្លឺជាប្រញាប់។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នលើសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសត្រូវតាមដានព័ត៌មានពីអាជ្ញាធរឱ្យបានជាប់លាប់ មាតាបិតាត្រូវមើលថែកូនតូចៗឱ្យបានល្អដាច់ខាតមិនឱ្យចុះលេងទឹកឡើយ ហើយត្រូវប្រកាន់ខ្ជាប់នូវអនាម័យចំណីអាហារ និងទឹកស្អាតដើម្បីចៀសវាងជំងឺរាតត្បាតផ្សេងៗ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គ្រោះទឹកជំនន់បានរីករាលដាលដល់ខេត្តចំនួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ដោយគ្របដណ្តប់លើ ១៤ក្រុង-ស្រុក និង ៦៨ឃុំ-សង្កាត់។ ផលប៉ះពាល់សរុប ប្រជាពលរដ្ឋរងគ្រោះ ៥,៣០៤គ្រួសារ (ជម្លៀស ៥៦៨គ្រួសារ) ផ្ទះសម្បែងប៉ះពាល់ ២,៦៨២ខ្នង និងផ្ទៃដីស្រូវរងការខូចខាតប្រមាណ ២,១៨៤ហិកតា។ ចំពោះមុខសភាពការណ៍នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីតាមដាន វាយតម្លៃ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច