អន្តរជាតិ៖ លោក Mark Carney នាយករដ្ឋមន្រ្តីកាណាដា បានប្រកាសពន្ធសងសឹកលើសហរដ្ឋអាមេរិក ក្រោយទីក្រុងវ៉ាស៊ីនតោនដាក់ពន្ធ ៥០ភាគរយលើទំនិញរបស់ខ្លួនដែលមានតម្លៃ ២០ពាន់លានដុល្លារ ។
ថ្លែងនៅទីក្រុង Ottawa កាលពីថ្ងៃសៅរ៍ លោក Carney និយាយថា ពន្ធថ្មីរបស់កាណាដានឹងមានគោលដៅលើឧស្សាហកម្មដែកថែប ឧស្សាហកម្មទឹកដោះគោ និងអេឡិចត្រូនិចរបស់សហរដ្ឋាមេរិក នៅក្នុងចំណោមគោលដៅផ្សេងទៀត ដែលនឹងចូលជាធរមាននៅថ្ងៃទី ៨ ខែកញ្ញាខាងមុខ ។
លោក Carney និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កាណាដា នឹងផ្គូផ្គងពន្ធថ្មីរបស់ទីក្រុងវ៉ាស៊ីណតោនទៅនឹងប្រាក់ដុល្លារ ដើម្បីការពារកម្មករកាណាដា កសិករ គ្រួសារ និងធុរកិច្ចរបស់កាណាដា ។
ការប្រកាសបែបនេះ បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចចរចាដ៏តានតឹងបរាជ័យកាលពីថ្ងៃសុក្រ ធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងររវាងប្រទេសដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តយូរអង្វែងទាំង ២ ។
សូមបញ្ជាក់ថា ពន្ធថ្មីរបស់ប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើនរបស់កាណាដា រួមទាំងស្រាក្រហម គ្រឿងសង្ហារឹម ផលិតផលទឹកដោះគោ ស៊ីម៉ង់ត៍ សម្លៀកបំពាក់ ឧបករណ៍នេសាទ និងសម្ភារៈលេងកីឡាហុកគី ដែលមានតម្លៃប្រហែល ២០ពាន់លានដុល្លារ ឬស្មើនឹងការនាំចេញ ៥,៥ភាគរយរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច